
ភ្នំពេញ៖ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសថានឺងទៅក្រុងអ៊ូហានប្រទេសចិន ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាត។ការប្រកាសរបស់សម្តេចហ៊ុន សែនបែបនេះ ធ្វើឡើងក្នុងឱកាសជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរ ដែលរស់នៅ និងធ្វើការក្នុងប្រទេសកូរ៉េខាងត្បូង។
សម្តេច ហ៊ុន សែន បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំនឹងទៅអ៊ូហាន ប្រសិនបើរដ្ឋាភិបាលចិនអនុញ្ញាតឲ្យទៅ។ ខ្ញុំនឹងទៅសួរសុខទុក្ខនិស្សិតខ្មែរនៅអ៊ូហាន ឲ្យតែចិនអនុញ្ញាត»។ បើតាមប្រមុខរដ្ឋាភិបាលកម្ពុជា បានអះអាងថា មន្រ្តីជាន់ខ្ពស់ និងឧកញ៉ាទាំងអស់ដែលកំពុងមានវត្តមាននៅកូរ៉េ ក៏នឹងអមដំណើរសម្តេចទៅកាន់ទីក្រុង វូហាន ដើម្បីសួរសុខទុក្ខនិស្សិតខ្មែរនៅទីនោះ។
ជាមួយគ្នានេះ សម្តេច ហ៊ុន សែន ក៏បានណែនាំឱ្យទាក់ទងទៅរដ្ឋាភិបាលចិន ដើម្បីរៀបចំដំណើរទៅទីក្រុងអ៊ូហានផងដែរ។ការប្រកាសរបស់សម្តេចហ៊ុន សែននេះ ក៏ជាការឆ្លើយតបនឹងអ្នករិះគន់មួយចំនួន ដែលបានលើកឡើងតាមបណ្តាញសង្គម ដោយទាមទារឱ្យសម្តេចទៅសួរសុខទុក្ខនិស្សិតខ្មែរ នៅក្រុងអ៊ូហាន ប្រទេសចិន។