
ភ្នំពេញ៖ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នឹងរៀបចំ «កម្មវិធីសមាធិ» នៅម៉ោង ៦:១២ ល្ងាច នាថ្ងៃទី១៥ មេសា នៅបរិវេណក្តារបែនខាងលិចប្រាសាទអង្គរវត្ត ។ ដើម្បីអាចចូលរួមបាន សាធារណជនអាចចុះឈ្មោះតាមរយៈអនឡាញ និងត្រៀមសម្លៀកបំពាក់តាមការតម្រូវ អាវស និងសំពត់ឬខោពណ៌សឬខៀវ។

យោងតាមសេចក្តីជូនដំណឹងនៃព្រឹត្តិការណ៍សង្រាន្ត បានឱ្យដឹងថា ក្រុមការងារពិធីសាសនា នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត បានរៀបចំកម្មវិធីសមាធិ ដែលអនុញ្ញាតឱ្យអ្នកចូលរួមចុះឈ្មោះដោយសេរី តែមានចំនួនកំណត់។ ជាក់ស្តែងព្រឹត្តិការណ៍សង្ក្រាន្តនឹងប្រព្រឹត្តទៅដោយមានសកម្មភាពជាច្រើនពាក់ព័ន្ធនឹងការផ្សាភ្ជាប់ជាមួយនឹងវប្បធម៌ ប្រពៃណីជាតិខ្មែរ ដែលចាប់ផ្តើមពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ មេសា ២០២៥ នៅលើទឹកដីខេត្តសៀមរាប។

កម្មវិធីសមាធិនេះនឹងត្រូវបានរៀបំនាថ្ងៃចូលឆ្នាំទី២ ត្រូវនឹងថ្ងៃ ថ្ងៃអាទិត្យ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ។ ដើម្បីអាចចូលរួមកម្មវិធីសមាធិនេះ អ្នកចូលរួមត្រូវបានតម្រូវឱ្យពាក់អាវស និងខោពណ៌ស ឬ ខៀវក្រម៉ៅ សម្រាប់បុរស ចំណែកឯស្រ្តីវិញតម្រូវឱ្យពាក់អាវស និងសំពត់ពណ៌ស ឬ ខៀវក្រម៉ៅ។ ដើម្បីអាចចុះឈ្មោះបាន សាធារណជនអាចចុះឈ្មោះតាមរយៈតំណភ្ជាប់ https://forms.gle/YPJNdgEPcRKZHqyWA និងបំពេញព័ត៌មានដែលត្រូវបានតម្រូវ។

សូមគូសបញ្ជាក់ថា សមាធិ ឬតាមភាសាបាលីហៅថា “ភាវនា” មានន័យថាការអភិវឌ្ឍផ្លូវចិត្ត ឬផ្នត់គំនិត ឬការតម្កល់ចិត្តឱ្យនឹង ការធ្វើចិត្តឱ្យត្រជាក់ ការធ្វើចិត្តឱ្យស្ងប់។សមាធិចែកចេញជាពីរគឺ សមថកម្មដ្ឋាន និងវិប្បសនាកម្មដ្ឋាន ដែលសមថកម្មដ្ឋាន គឺជាការហ្វឹកហាត់ឱ្យចិត្តស្ងប់ បង្កើនសន្តិភាពជាមួយខ្លួនឯង ពោលគឺគ្រប់គ្រងកំហឹង ឬចិត្ត ចំណែកឯ វិប្បសនាកម្មដ្ឋាន គឺជាការរៀនដើម្បីបង្កើនបញ្ញាស្មារតី ពោលគឺដើម្បីផ្តាច់នូវសេចក្តីទុក្ខ ទោសៈ មោហៈ៕