
ព្រះវិហារ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម និងសហព័ន្ធស្រូវអង្ករកម្ពុជា នៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២៥ នេះ បានអញ្ជើញចុះសួរសុខទុក្ខ និងសំណេះសំណាលជាមួយ នាយទាហាន នាយទាហានរង និងពលទាហាននៃកងពលតូចអន្តរាគមន៍លេខ៨នៃកងពលធំអន្តរាគមន៍លេខ៣ ដែលកំពុងឈរជើងនៅតាមខ្សែបន្ទាត់ព្រំដែនប្រាសាទព្រះវិហារ។បន្ថែមពីការសួរសុខទុក្ខ លោកបាននាំយកវត្ថុអនុស្សាវរីយ៍ជាស្បៀងអាហារ និងថវិកាមួយចំនួន ជូនទាហាននៅសមរភូមិមុខឱ្យបានមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។
.jpg?1744100094)
ក្នុងដំណើរសួរសុខទុក្ខនេះ លោកបណ្ឌិតបានសរសើរអ្នកឈរជើងការពារបូរណភាពទឹកដីតំបន់ប្រាសាទព្រះវិហារ ដែលឈរលើស្មារតី និងការប្តេជ្ញាចិត្តដ៏មោះមុតឥតងាករេក្រោមបទបញ្ជាររបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តគោលនយោបាយកសាង ខ្សែបន្ទាត់ព្រំដែនច្បាស់លាស់ ប្រកបដោយ សន្តិភាព មិត្តភាព សហប្រតិបត្តិការ និងការអភិវឌ្ឍជាមួយនឹងប្រទេសជិតខាង។ ទន្ទឹមនោះ លោកបានជម្រុញឱ្យ នាយទាហាន និងនាយទាហានរងទាំងអស់ ក្រៅពីការងារស្នូលការពារបូរណភាពទឹកដី ត្រូវតែយកពេលវេលាខិតខំកសាងសមត្ថភាពបន្ថែមទៀត ដូចជា ការប្រើប្រាស់បច្ចេកវិទ្យា និងការស្រាវជ្រាវបច្ចេកវិទ្យាយោធាដែលពិភពលោកកំពុងតែមានការអភិវឌ្ឍន៍។
.jpg?1744100101)
បើតាម លោក បណ្ឌិត កៅ ថាច នេះគឺជាលើកទី៣ហើយ ដែលធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម រួមជាមួយសប្បុរសជនរួមមាន សហព័ន្ធស្រូវអង្ករ ដើម្បីផ្តល់ជូនបងប្អូន នៅសមរភូមិមុខនាំយកគ្រឿង ឧបភោគបរិភោគមាន ជាស្បៀង អាហារ អង្ករ និងសម្ភារៈមួយចំនួនទៀត ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួន ជូនបងប្អូន នៃកងពលតូចអន្តរាគមន៍លេខ៨នៃកងពលធំអន្តរាគមន៍លេខ៣ដែលឈរជើងការពារបូរណភាពទឹកដីសមរភូមិមុខតំបន់ប្រាសាទព្រះវិហារ បន្ទាប់ពីការចងសម្ព័ន្ធមេត្រីភាពជាមួយគ្នាកាលពីឆ្នាំ២០២៤កន្លងទៅ៕
