
ភ្នំពេញ៖ មជ្ឈមណ្ឌលសិក្សា ចិន-អាស៊ាន និង រូបសំណាក់ខុងជឺ បានសម្ភោធជាផ្លូវការ នៅឯសាកលវិទ្យាល័យខេមតិចនាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ក្រោមអធិបតីភាព លោក អ៊ុន ឃាង រដ្ឋលេខាធិការក្រសួងការបរទេស លោក ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកស្រី ខៀវ មាលី អនុប្រធានក្រុមប្រឹក្សាសភាជាតិ និងលោក Wang Zhiquan ទីប្រឹក្សានៃឯកអគ្គរាជទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា។
ក្នុងកម្មវិធីនេះ លោកសាស្ត្រាចារ្យបណ្ឌិត ឈាង វណ្ណារិទ្ធ អគ្គនាយកនៃមជ្ឈមណ្ឌលសិក្សាចិន-អាស៊ានមានប្រសាសន៍ថា “មជ្ឈមណ្ឌលនេះបង្កើតឡើងដើម្បីពង្រឹង និងពង្រីកចំណេះដឹង បង្កើនការយល់ដឹងពីគ្នាទោវិញទៅមក និងទំនាក់ទំនងសេដ្ឋកិច្ច ប្រជាជន រវាងប្រទេសចិននិងអាស៊ាន ជាពិសេសរវាងចិន និងកម្ពុជា។ ដូច្នេះយើងធ្វើការស្រាវជ្រាវទៅលើប្រធានបទដែលមានសារៈសំខាន់ដល់ចិន និងអាស៊ាន ដូចជា សមាហរណកម្មសេដ្ឋកិច្ច ភូមិសាស្ត្រនយោបាយ ព្រមទាំងបច្ចេកវិទ្យា និងនវានុវត្តន៍ជាដើម”។

លោកបណ្ឌិត ឃៀង សុធី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យខេមតិចមានប្រសាសន៍ថា “ខេមតិចបានសហការជាមួយវិទ្យាស្ថានអ្នកស្រាវជ្រាវ Think Tank បានធ្វើការស្រាវជ្រាវរួមគ្នា ក្រោមប្រធានបទ "ការជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងសេដ្ឋកិច្ចក្នុងភាពជាដៃគូរចិន-អាស៊ាន" ដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងចែករំលែករបស់ប្រទេសចិន និងអាស៊ានទាំងផ្នែកសេដ្ឋកិច្ច និងបរិស្ថានប្រកបដោយចីរភាពនាពេលអនាគត។
លោកបានបញ្ជាក់ថា៖ “នេះមិនមែនជាភាពចៃដន្យទេ ប៉ុន្តែនេះគឺជាឱកាសដែលចិន និងអាស៊ាននឹងធ្វើការចូលរួម និងដោះស្រាយរួមគ្នាលើបដិវត្តន៍ឌីជីថល និងការប្រឈមមុខនៃបរិស្ថាន”។

មជ្ឈមណ្ឌលសិក្សាចិន-អាស៊ាន (CASC) នឹងប្តេជ្ញាក្នុងការជម្រុញការសហការ ការស្រាវជ្រាវ និងការជជែកពិភាក្សា។ គោលដៅចំបងរបស់ CASC គឺដើម្បីបង្កើនការយល់ដឹង គាំទ្រលើគោលនយោបាយផ្សេងៗ ព្រមទាំងកសាងទំនាក់ទំនងដ៏រឹងមាំរវាងចិន និងអាស៊ាន៕
