
ថៃ៖ រដ្ឋាភិបាលថៃបានសន្យាថានឹងបង្កើនការនាំចូលថាមពល យន្តហោះ និងផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិកបន្ថែមទៀត ដើម្បីស្វែងរកផ្លូវនៃការបន្ថូរបន្ថយពន្ធរបស់អាម៉េរិកប្រមាណ ៣៦%ដែលបានប្រកាសដាក់លើខ្លួនកាលពីសប្តាហ៍មុន។ នាយករដ្ឋមន្ត្រីថៃលោកស្រី Paetongtarn Shinawatra បានបញ្ជាក់ថា វិធានការនេះ មានគោលបំណងកាត់បន្ថយផលប៉ះពាល់នៃពន្ធគយ និងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រជាជាតិទាំងពីរ។

ជាការឆ្លើយតបទៅនឹងពន្ធអាម៉េរិកដែលដាក់មកលើខ្លួនដល់ទៅ ៣៦% នាយករដ្ឋមន្រ្តីថៃបានគូសបញ្ជាក់ថាលោកស្រីបានបញ្ជូនលោក Pichai Chunhavajira រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុនឹងដឹកនាំគណៈប្រតិភូទៅសហរដ្ឋអាម៉េរិកនៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាពាណិជ្ជកម្ម ហើយប្រាប់សហរដ្ឋអាម៉េរិកថា ប្រទេសថៃមិនត្រឹមតែជាប្រទេសនាំចេញប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមិត្តដ៏គួរឱ្យទុកចិត្តរបស់សហរដ្ឋអាម៉េរិកផងដែរ។

អ្នកសេដ្ឋកិច្ចព្រមានថាពន្ធគយបែបនេះអាចនាំឱ្យតម្លៃកើនឡើងសម្រាប់អ្នកប្រើប្រាស់អាម៉េរិក និងបង្កឲ្យមានវិធានការសងសឹងរវាងគ្នាទៅវិញទៅមក។ ប្រទេសផ្សេងទៀតបានឆ្លើយតបនឹងពន្ធរបស់សហរដ្ឋអាម៉េរិកដោយផ្តល់សម្បទានផ្សេងៗ។ ជាឧទាហរណ៍ វៀតណាមបានសម្តែងការត្រៀមខ្លួនក្នុងការបង្កើនការនាំចូលផលិតផលកសិកម្មរបស់សហរដ្ឋអាម៉េរិក ដើម្បីកាត់បន្ថយផលប៉ះពាល់នៃពន្ធដែលអាចមានសក្តានុពលលើការនាំចេញរបស់ខ្លួន៕