
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី១ មេសា នេះ ខេត្តចំនួន៤ នឹងមានរៀបចំកម្មវិធីសង្ក្រានដើម្បីអបអរសាទរចូលឆ្នាំថ្មី ដែលក្នុងនោះរួមមាន សៀមរាប ភ្នំពេញ កំពង់ចាម និងតាកែវ ដែលនឹងប្រព្រឹត្តទៅរយៈពេលបីថ្ងៃ ចាប់ពីថ្ងៃទី ១៤ ដល់ ថ្ងៃទី ១៦ មេសា ២០២៥។ នេះ បើតាមការបង្ហោះរបស់ក្រសួងទេសចរណ៍ ក្នុងឆាណែលតេលេក្រាម។
យោងតាមការបង្ហោះជាសាធារណៈនៃក្រសួងទេសចរណ៍ បានឱ្យដឹងថា ព្រឹត្តិការណ៍សង្ក្រាន្តនឹងកើតឡើងនៅក្នុងទឹកដីខេត្តសៀមរាប រាជធានីភ្នំពេញ ខេត្តកំពង់ចាម និងខេត្តតាកែវ នៅក្នុងខែមេសា ដែលក្នុងនោះរួមមាន ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត នៅខេត្តសៀមរាប ព្រឹត្តិការណ៍សង្ក្រាន្តវត្តភ្នំ នៅរាជធានីភ្នំពេញ ព្រឹត្តិការណ៍សង្ក្រាន្តកំពង់ចាម នៅខេត្តកំពង់ចាម និង ព្រឹត្តិការណ៍សង្ក្រាន្តតាកែវ នៅខេត្តតាកែវ។

គួរបញ្ជាក់ថា នៅខេត្តសៀមរាប ព្រឹត្តិការណ៍នឹងរៀបចំនៅបរិវេណមុខប្រាសាទអង្គរវត្ត សួនច្បារព្រះរាជដំណាក់ដងស្ទឹងសៀមរាប King's Road, Pub street និងអង្គរឃ្យូងយួ។ នៅភ្នំពេញ ព្រឹត្តិការណ៍នឹងរៀបចំនៅរមណីយដ្ឋានប្រវត្តិសាស្ត្រវត្តភ្នំ។ តាកែវនឹងរៀបចំសង្រ្កាន្តនៅសួនច្បារមាត់បឹងតាកែវ រីឯកំពង់ចាម រៀបចំនៅក្នុងទីក្រុងកំពង់ចាមតែម្តង។

ព្រឹត្តិការណ៍សង្រ្កាន្តនៅខេត្តទាំង ៤នេះ នឹងរៀបចំទៅក្នុងរយៈពេលបីថ្ងៃត្រូវនឹងថ្ងៃចូលឆ្នាំខ្មែរ គឺ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ មេសា ២០២៥។ ក្រសួងទេសចរណ៍បានលើកឡើងថា ក្រសួងនឹងបន្តរៀបចំផ្សព្វផ្សាយអំពីព្រឹត្តិការណ៍សង្ក្រាន្តនៅតាមបណ្តាខេត្តដែលនៅសេសសល់ជាបន្តបន្ទាប់៕
