.png?1743411864)
ភ្នំពេញ៖ សិស្សវិទ្យាល័យពីររូប រៀម ច័ន្ទសូនីតា និង រី ជាហេង មានចំណាប់អារម្មណ៍ក្នុងមុខវិជ្ជាគណិតវិទ្យា បានចាប់ដៃគ្នាសហការរៀបចំកម្មវិធីប្រឡងគណិតវិទ្យា OXFO Math tournament ដែលជាកម្មវិធីប្រកួតប្រជែងគណិតវិទ្យាទម្រង់ថ្មី ប្លែកដែលមានលក្ខណៈជាក្រុម ។ ថ្វីត្បិត មានវ័យក្មេងក៏ពិតមែន សិស្សពូកែគណិតវិទ្យាទាំងពីររូបនេះ បានសហការគ្នាយ៉ាងស្អិតរមួតក្នុងការបង្កើតគម្រោងដំបូងរបស់ពួកគេបញ្ចប់ទៅដោយរលូនដោយមានការចូលរួមប្រកួតពីសិស្សជាសរុបចំនួន 367 ក្រុម ដែលមកពីសាលាចំនួន៣៣ ទាំងរដ្ឋ និង ឯកជន មកពីខេត្តចំនួន ៦។

យុវសិស្ស រី ជាហេង បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា ក្រោយការបានបទពិសោធន៍ពីការប្រឡងផ្សេងៗ ចាប់តាំងពី ២០១៨ មក ដែលមានមេដាយសរុបចំនួន ៨៦ គ្រឿង ខ្លួនមានបំណងចង់់រៀបចំការប្រកួតដែលមានលក្ខណៈប្លែកខុសពីសព្វដង ដើម្បីសិស្សានុសិស្សទទួលបានអារម្មណ៍ប្លែកពីការប្រឡងគណិតវិទ្យាកន្លងមក ដោយរៀបចំការប្រកួតបែបជាក្រុម។ ជាហេង បានសហការ ជាមួយនឹង យុវសិស្ស រៀម ច័ន្ទសូនីតា ដែលជាសិស្សមានចំណាប់អារម្មណ៍លើគណិតវិទ្យា ចាប់តាំងពីឆ្នាំ ២០២៤ មក និងបានបង្ហាញសមត្ថភាព ដោយទទួលបានមេដាយសរុបចំនួន ៨ គ្រឿង ។

ត្រឹមជាសិស្សកំពុងរៀននៅថ្នាក់វិទ្យាល័យ សិស្សពូកែគណិតវិទ្យាទាំងពីររូបនេះ បានសហការគ្នាយ៉ាងស្អិតរមួតក្នុងការបង្កើតគម្រោងដំបូងរបស់ពួកគេបញ្ចប់ទៅដោយរលូនដោយមានការចូលរួមប្រកួតពីសិស្សជាសរុបចំនួន 367 ក្រុម ឬ ចំនួនសរុប 1101 នាក់ ដែលមាន កម្រិតថ្នាក់ទី 7-8 ចំនួន 106 ក្រុម ស្មើនឹង 318 នាក់, កម្រិតថ្នាក់ទី 9-10 ចំនួន 179 ក្រុម ស្មើនឹង 537 នាក់ និងកម្រិតថ្នាក់ទី 11-12 ចំនួន 82 ក្រុមស្មើនឹង 246នាក់។ កម្មវិធីប្រកួតប្រជែង OXFO មានលក្ខណៈជាក្រុមដែលក្នុងមួយក្រុមមានសមាជិកប្រឡង ៣នាក់ ហើយកម្មវិធីនេះចែកចេញជាបីកម្រិតគឺ Novice (ថ្នាក់ទី7-8), Expert (ថ្នាក់ទី9-10), និង Master (ថ្នាក់ទី11-12)។

បើតាម យុវសិស្ស ជាហេង បានឱ្យដឹងបន្តទៀតថា កម្មវិធីប្រឡងគណិតវិទ្យា OXFO នេះបានផ្ដល់ឱកាសឲ្យសិស្សានុសិស្សវាស់ស្ទង់សមត្ថភាពគណិតវិទ្យាជាពិសេសជម្រុញការសហការគ្នាធ្វើលំហាត់ជាក្រុម ផ្តល់នូវបទពិសោធន៍ថ្មីៗព្រមទាំងលំហាត់ប្លែកៗដែលបង្កើតឡើងដោយយុវជនក្នុង OXFO ដែលទទួលមានបទពិសោធន៍ក្នុងការប្រកួតប្រជែងធំៗទាំងកម្រិតជាតិ និងអន្តរជាតិ។

កម្មវិធីប្រកួតនេះបានប្រព្រឹត្តទៅចំនួនពីរជុំ ដោយជុំទី១ ត្រូវបានរៀបចំជាការប្រឡងតាមប្រព័ន្ធអនឡាញ ប្រព្រឹត្តនៅថ្ងៃទី ២ខែ កុម្ភៈ ឆ្នាំ ២០២៥ ចំណែកឯជុំទី២ បានប្រព្រឹត្តនៅថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២៥ ដែលមានចំនួនបេក្ខជនចូលរួមសរុប ១៩០ ក្រុមស្មើនឹងចំនួនសិស្ស ៥៧០ នាក់ ធ្វើឡើងនៅទីតាំងសាលារៀនអន្តរជាតិ ផារ៉ាហ្គន។

ការប្រកួតលើកទី២មានលក្ខណៈពិសេសដោយមានរួមបញ្ចូលបីវិញ្ញាសា គឺវិញ្ញាសាប្រកួតប្រជែងដោយខ្លួនឯងមានលក្ខណៈជាបុគ្គល (Individual round) វិញាសាទីពីរគឺការប្រកួតប្រជែងជាក្រុម (Team round) និងវិញ្ញាសាទី 3 (Pressure round) គឺប្រកួតប្រជែងជាក្រុមប៉ុន្តែគឺមានលក្ខណៈពិសេសដោយបេក្ខជនប្រឡងត្រូវមានភាពឆ្លាតវៃនៅក្នុងការបែងចែកពេលវេលាឲ្យបានត្រឹមត្រូវដោយសារតែមានការកំណត់ម៉ោង។

ក្រោយការបញ្ចប់ការប្រឡងនេះដោយទទួលបានការបង្ហាញអារម្មណ៍សប្បាយរីករាយពីសិស្សានុសិស្សដែលបានចូលរួមប្រកួត យុវសិស្សទាំង២រូបនេះ មានបំណងក្នុងការបន្តឆន្ទៈរបស់ខ្លួនក្នុងការរៀបចំកម្មវិធីបែបនេះសារជាថ្មីម្តងទៀតនាពេលខាងមុខដោយសង្ឃឹមថានឹងអាចពង្រឹងបន្ថែមទៀតលើកពីការរៀបចំលើកទី១។
គួរបញ្ជាក់ថា យុវសិស្ស រី ជាហេង ជាសិស្សអាហារូបករណ៍មកពី សាលារៀន អន្តរជាតិ ផ៉ារ៉ាហ្គន ចំណែកឯ យុវសិស្ស រៀម ច័ន្ទសូនីតា ជាសិស្សអាហារូបករណ៍មកពីសាលារៀនអន្តរជាតិ ខេនរិជ ។ យុវសិស្សទាំងពីររូប មានអាយុ ១៥ ឆ្នាំ និងសិក្សានៅកម្រិតថ្នាក់ទី១០ដូចគ្នា មានបំណងក្នុងការលើកកម្ពស់ការយល់ដឹងរបស់សិស្សពាក់ព័ន្ធនឹងគណិតវិទ្យាតាមរយៈការរៀបចំការប្រកួតគណិតវិទ្យាបែបលក្ខណៈជាក្រុម៕