
មីយ៉ាន់ម៉ា៖ ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាននៅក្នុងប្រទេសមីយ៉ាន់ម៉ាគិតត្រឹមថ្ងៃច័ន្ទទី ៣១ ខែ មីនានេះបានកើនឡើងដល់ ១៧០០នាក់ និងមានអ្នករបួសធ្ងន់និងស្រាលដល់ទៅ ៣៤០០នាក់ ហើយជាង ៣០០នាក់កំពុងបន្តបាត់ខ្លួន និងមានមួយចំនួនទៀតកំពុងតែបន្តជាប់គាំងក្នុងអគារដែលបានដួលរលំ។

គ្រោះរញ្ជួយដីកម្រិត ៧.៧រ៉ិចទ័រ បានវាយប្រហារប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥ បណ្តាលឲ្យមានការបំផ្លិចបំផ្លាញយ៉ាងខ្លាំងក្លាដោយបានបង្កឲ្យអគារជាច្រើនខ្នងដួលរលំ និងវត្តអារាម ព្រមទាំងស្ពានដែលមានអាយុកាលជាច្រើនឆ្នាំរងការបំផ្លិញបំផ្លាញមិនធ្លាប់មាន គិតត្រឹមថ្ងៃទី ៣១ ខែមីនា ចំនួនអ្នកស្លាប់បានកើនឡើងដល់ប្រមាណ ១.៧០០ នាក់ របួសជាង ៣.៤០០ នាក់ និងជាង ៣០០ នាក់ទៀតកំពុងបាត់ខ្លួន។

ប្រទេសមួយចំនួនដូចជាឥណ្ឌា រុស្ស៊ី និងចិនបានបញ្ជូនក្រុមសង្គ្រោះ សម្ភារៈពេទ្យ និងអ្នកជំនាញរុករកដើម្បីជួយសង្រ្គោះមនុស្សដែលបានកប់ក្នុងគំនរបែកបាក់នៃអគារដែលបានដួលរលំ ផ្លូវដែលខូចខាត និងស្ពានបាក់ស្រុត រួមជាមួយនឹងស្ថានការណ៍នយោបាយ កំពុងរារាំងដល់ការផ្តល់ជំនួយដល់តំបន់រងគ្រោះជាខ្លាំងពីអន្តរជាតិ។

អាជ្ញាធរមីយ៉ាន់ម៉ារំពឹងថា តួលេខអ្នកស្លាប់អាចកើនឡើងដល់ម៉ឺននាក់នៅពេលដែលប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះបញ្ចប់។ អង្គការសហប្រជាជាតិ និងអង្គការមនុស្សធម៌នានាកំពុងអំពាវនាវឱ្យមានការបង្កើនការគាំទ្រអន្តរជាតិ ដើម្បីដោះស្រាយបញ្ហាដែលកំពុងតែកើតមាននៅក្នុងប្រទេសមីយ៉ាន់ម៉ា៕