Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រសួងរៀបចំដែនដី នឹងធ្វើជាដៃគូស្មោះត្រង់ និងអាចទុកចិត្តបានសម្រាប់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សន្យាថានឹងត្រៀមខ្លួនធ្វើជាដៃគូដ៏ល្អ ដៃគូដ៏ស្មោះត្រង់ ជាដៃគូដែលអាចពឹងពាក់បាន សម្រាប់សមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជាដើម្បីធ្វើយ៉ាងណាឱ្យឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មលំនៅឋាននិងឧស្សាហកម្មសំណង់អាចដើរទៅមុខបានជាមួយគ្នាប្រកបដោយភាពរីកចម្រើន។

ថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ ២០២៥ របស់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា ដែលបានធ្វើឡើងនាថ្ងៃទី ២៨ ខែមីនា ឆ្នាំ២០២៥។


លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងថា សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានរួមចំណែកជួយអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា ដែលជាផ្នែកមួយនៃឆ្អឹងខ្នងរបស់សេដ្ឋកិច្ចជាតិ ឱ្យមានការរីកចម្រើនជាបន្តបន្ទាប់ ប៉ុន្តែដោយសារឥទ្ធិពលនៃវិបត្តិសេដ្ឋកិច្ចសកល និងបញ្ហាសង្រា្គមនានា ដែលបន្តកើតមានលើសកលលោក បានធ្វើឱ្យសមាគមជួបប្រទះនូវផលប៉ះពាល់ និងឧបសគ្គមួយចំនួន។

ទោះជាយ៉ាងនេះក្តី ក្រសួងនិងសមាគមព្យាយាមស្វែងរកយុទ្ធសាស្ត្ររួមគ្នាសម្រាប់ដើរទៅមុខលើវិថីមួយដ៏ត្រឹមត្រូវទាំងអស់គ្នាដើម្បីដោះស្រាយបញ្ហាដែលកំពុងជួបប្រទះ។

លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ក្រសួងនឹងជួយសម្របសម្រួលក្នុងការផ្ដល់ទិន្នន័យនានាទាក់ទិននឹងការរៀបចំគម្រោងអចលនទ្រព្យដល់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងណែនាំដល់សមាគមឱ្យឯកភាពគ្នាស្នើដល់ធនាគារសម្រាប់អចលនទ្រព្យគួរតែប្រើប្រាស់អត្រាការប្រាក់បែបណាដើម្បីធានាឱ្យឧស្សាហកម្មហិរញ្ញវត្ថុអាចដំណើរការតជំនាន់បាន ហើយនឹងទទួលបានប្រាក់វិនិយោគក្នុងវិស័យអចលនទ្រព្យនិងសំណង់។

លោកបញ្ជាក់ថា យើងត្រូវធ្វើកំណែទម្រង់ផ្លាស់ប្ដូរផ្នត់គំនិតនិងមានការឯកភាពគ្នាដើម្បីជាឧត្តមប្រយោជន៍របស់អតិថិជននិងឧត្តមប្រយោជន៍របស់សមាជិកសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។

ជាមួយនេះ លោក សាយ សំអាល់ បានលើកទឹកចិត្តដល់សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាឱ្យប្រើប្រាស់វត្ថុធាតុដើមសម្ភារៈសំណង់មានស្រាប់នៅក្នុងប្រទេស ដែលមានគុណភាពល្អ មានតម្លៃសមរម្យផងដែរ ។

លោកឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជារួមគ្នាគិតគូរពិចារណាឱ្យបានត្រឹមត្រូវអំពីឧស្សាហកម្មដទៃទៀត ក្រៅពីការអភិវឌ្ឍន៍លំនៅឋានតែមួយមុខនោះ ដើម្បីរក្សាឬសកែវរបស់យើងឱ្យបានរឹងមាំ និងធ្វើយ៉ាងណាជំរុញឱ្យឧស្សាហកម្មអចលនទ្រព្យ ឧស្សាហកម្មលំនៅឋាន និងឧស្សាហកម្មសំណង់ដែលជាឧស្សាហកម្មមានមនុស្សជាច្រើនលាននាក់បានធ្វើការក្នុងវិស័យនេះ មានភាពលូតលាស់បន្ថែមទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង