ពោធិ៍សាត់៖ ក្រសួងយុត្តិធម៌ នៅថ្ងៃទី ៣០ មីនា ម្សិលមិញ បានចេញនូវសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលស្រាវជ្រាវលើកណរីបណ្តឹងរបស់ លោកស្រី សែម សុខគា ដែលបានស្នើសុំអន្តរាគមន៍ស្វែងរកយុត្តិធម៌ ជុំវិញករណីដីធ្លីនៅតំបន់ភ្នំ១៥០០ ខេត្តពោធិ៍សាត់។ជាលទ្ធផលក្រោយការបើកប្រតិបត្តិការស្រាវជ្រាវ ក្រសួងយុត្តិធម៌រកឃើញថា ទីតាំងដីដែលលោកស្រី សែម សុខគា កំពុងកាន់កាប់ស្ថិតនៅក្នុងតំបន់សហគមន៍ នៃតំបន់ ការពារធម្មជាតិ (តំបន់អន្ទង់អាំង) ហើយលោកស្រីមានដីយ៉ាងតិច៦កន្លែងក្រៅតំបន់ការពារដោយបានដាក់ធនាគារជាង ១០ម៉ឺនដុល្លារ។ចំណែកប្លង់ដីដែលអ្នកស្រីថតបង្ហោះក្នុងបណ្តាញសង្គម គឺជាប្លង់ដីផ្សេង។
យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងយុត្តិធម៌ បានគូសបញ្ជាក់ថា ទីតាំងដីដែលលោកស្រី សែម សុខគា កំពុងកាន់កាប់ហើយដែលអះអាងថា មានប្លង់រឹងនោះ គឺជារឿងមិនពិត ព្រោះថាដីនេះ ស្ថិតនៅក្នុងតំបន់សហគមន៍ នៃតំបន់ការពារធម្មជាតិ (តំបន់អន្ទង់អាំង) ហើយនៅក្នុងតំបន់នេះ ពុំមានដីណាមួយមានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) នោះទេ។
បើតាមក្រសួង លោកស្រី សែម សុខគា មិនមែនមានដីតែមួយកន្លែងនេះទេ ប៉ុន្តែលោកស្រីមានដី យ៉ាងតិចចំនួន ៦កន្លែងផ្សេងទៀត នៅក្រៅពីតំបន់ការពារនេះ ហើយប្លង់ដីទាំងនោះ ត្រូវបានលោកស្រី សែម សុខគា យកទៅដាក់ធានាបំណុលធនាគារជាង ១០ម៉ឺនដុល្លារអាម៉េរិក។ ទន្ទឹមនេះ, ទីតាំងផ្ទះដែលលោកស្រី សែម សុខគា កំពុងរស់នៅសព្វថ្ងៃ ក៏មិនស្ថិតនៅក្នុងតំបន់អន្ទង់អាំងនេះដែរ។
ជាទិដ្ឋភាពច្បាប់ ក្រសួងបានពន្យល់ថា ការកាន់កាប់ ឬការតាំងទីលំនៅនៅលើដីរដ្ឋ មិនត្រឹមតែមិនអាចទទួលបានកម្មសិទ្ធិនោះទេ ប៉ុន្តែ ថែមទាំងជាអំពើខុសច្បាប់។ ទន្ទឹមនេះ, អ្នកកាន់កាប់ដីរដ្ឋដោយខុសច្បាប់នេះមិនត្រឹមតែត្រូវរុះរើ ចេញដោយមិនទទួលបានសំណងនោះទេ ប៉ុន្តែត្រូវប្រឈមនឹងទោសព្រហ្មទណ្ឌតាមការកំណត់របស់ច្បាប់ជាធរមាន។
តែយ៉ាងណាក៏ដោយ ជាការគិតគូរដល់ប្រជាពលរដ្ឋ អាជ្ញាធរមានសមត្ថកិច្ចនៅតែសម្របសម្រួលផ្តល់ដំណោះស្រាយជាគោលនយោបាយសមស្របដល់ប្រជាពលរដ្ឋដែលចាកចេញដោយស្ម័គ្រចិត្ត។ ដោយឡែកចំពោះអ្នកនៅបន្តរឹងទទឹងកាន់កាប់ដីរដ្ឋដោយខុសច្បាប់ មិនព្រមចាកចេញ ត្រូវប្រឈមនឹងចំណាត់ការតាម នីតិវិធីច្បាប់ជាធរមាន។នេះបើយោងតាមការបញ្ជាក់បន្ថែមពីក្រសួងយុត្តិធម៌៕

