
ភ្នំពេញ៖ ក្រសួងការបរទេសកម្ពុជា នៅរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ និងបានណែនាំទៅស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ និងមីយ៉ាន់ម៉ារ ដើម្បីប្រមូលព័ត៌មានអំពីសុវត្ថិភាពរបស់ពលរដ្ឋ និងពលករខ្មែរ ដែលកំពុងស្ថិតក្នុងប្រទេសទាំងពីរ ពាក់ព័ន្ធនឹងហេតុការណ៍នៃការរញ្ជួយដីនៅប្រទេសទាំងពីរ។
ក្រសួងការបរទេសកម្ពុជា បានទទួលព័ត៌មានពីស្ថានទូតថា មានករណីរញ្ជួយដីកម្រិតខ្លាំងនៅទីក្រុងបាងកក ប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ារ ដែលបណ្តាលឱ្យមានការបាក់អគារ និងបង្កការខូចខាតទ្រព្យសម្បត្តិមួយចំនួន។ ស្ថានទូត មិនទាន់ទទួលបានព័ត៌មានណាមួយថាមានពលករ ឬពលរដ្ឋខ្មែរ រងគ្រោះដោយសារហេតុការណ៍រញ្ជួយដីនៅប្រទេសទាំងពីរនេះនៅឡើយទេ។

ស្ថានទូត បានចាត់វិធានការភ្លាមៗ និងបានណែនាំដល់មន្ត្រីស្ថានទូតធ្វើការទាក់ទងប្រមូលព័ត៌មានពីអាជ្ញាធរនៃប្រទេសតាំងនៅ និងក្រុមការងារគ្រប់តំបន់ដែលមានពលរដ្ឋខ្មែររស់នៅ និងធ្វើការ អំពីសុវត្ថិភាពរបស់ពួកគាត់ ហើយនិងត្រៀមលក្ខណៈសហការជាមួយអាជ្ញាធរពាក់ព័ន្ធនៃប្រទេសម្ចាស់ផ្ទះ ដើម្បីផ្តល់ជំនួយដល់ពលរដ្ឋខ្មែររងគ្រោះ ឬត្រូវការជំនួយ ឱ្យអស់ពីលទ្ធភាព។
ក្រសួងការបរទេសកម្ពុជា បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ ដែលកំពុងស្ថិតនៅប្រទេសទាំងពីរខាងលើ ពិសេសតំបន់ដែលរងគ្រោះដោយករណីរញ្ជួយដីទាំងនេះ សូមទាក់ទងជាមួយក្រុមគ្រួសារ និងមិត្តភ័ក្តិរបស់អ្នកដើម្បីឱ្យពួកគេដឹងថាអ្នកមានសុវត្ថិភាព រក្សាការប្រុងប្រយ័ត្នខ្ពស់ ដោយចាត់វិធានការចាំបាច់ទាំងឡាយសម្រាប់សុវត្ថិភាពផ្ទាល់ខ្លួន និងគោរពតាមការណែនាំ ឬវិធានការសុវត្ថិភាពរបស់អាជ្ញាធរមូលដ្ឋាន៕
- ស្ថានទូតកម្ពុជានៅទីក្រុងបាងកក៖
• អាស័យដ្ឋាន៖ 518 / 4 Pracha Uthit Rd., Soi Ramkamhaeng 39, Wangthonglang, Bangkok 10310, Kingdom of Thailand.
• លេខទំនាក់ទំនង៖ Tel : (02) 957-5851-2
- ស្ថានទូតកម្ពុជាប្រចាំនៅមីយ៉ាន់ម៉ារ៖
• អាស័យដ្ឋាន៖ No. 25(3B-4B), New University Avenue Road, Bahan Township, Yangon, Myanmar
• លេខទំនាក់ទំនង៖ Tel : (951) 54 96 09, 54 09 64
