
ថៃ៖ នាយករដ្ឋមន្រ្តីថៃលោកស្រី Paetongtarn Shinawatra បានចេញសេចក្តីប្រកាសអាសន្នទូទាំងប្រទេសថៃដោយព្រមានសាធារណជនឱ្យមានការប្រុងប្រយ័ត្នចំពោះគ្រោះរញ្ជួយដីដែលអាចកើតមានបន្ថែមទៀតក្រោយរញ្ជួយដីកម្រិត ៧,៧ វ៉ិចទ័របានបំផ្លាញអគារ និងបង្កការភ្ញាក់ផ្អើលដល់ពលរដ្ឋនៅទូទាំងប្រទេសថៃ។

ថ្លែងសារប្រកាសអាសន្នបន្ទាន់ពីភូកេត នាយករដ្ឋមន្ត្រីថៃបានបញ្ជាឱ្យមានការឆ្លើយតបសម្របសម្រួលនៅគ្រប់ក្រសួងរដ្ឋាភិបាលទាំងអស់ ដើម្បីដោះស្រាយស្ថានភាពដែលកំពុងកើតមានបន្ទាន់នៅប្រទេសថៃ។ លោកស្រីបានណែនាំឱ្យបញ្ចូនសារ SMS ផ្តល់នូវគោលការណ៍ណែនាំសុវត្ថិភាពសំខាន់ៗ។ក្នុងពេលមានគ្រោះរញ្ជួយដី ហើយការប្រកាសអាសន្នភ្លាមៗកំពុងតែចាក់ផ្សាយនៅទូទាំងប្រទេសថៃ។

កងកម្លាំងសន្តិសុខត្រូវបានចល័តដើម្បីធានាសុវត្ថិភាពសាធារណៈ ហើយក្រសួងធនធានធម្មជាតិ និងបរិស្ថានកំពុងវាយតម្លៃនៃការខូចខាតដោយសារគ្រោះរញ្ជួយដី និងព្យាករណ៍ពីការរញ្ជួយដីដែលអាចកើតមាននាពេលអនាគត។ អ្នកជំនាញបានព្រមានថា ការរញ្ជួយដីគឺអាចនឹងកើតមានក្នុងរយៈ២៤ម៉ោងខាងមុខនេះទៀត៕