
ភ្នំពេញ៖ គ្រោះរញ្ជួយដីខ្លាំងមួយកើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញបណ្តាលឱ្យមានការបាក់រលំអាគារ និងការដ្ឋានសាងសង់មួយចំនួន។ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអំពាវនាវដល់បងប្អូនដែលកំពុងស្នាក់នៅទីក្រុងបាងកក ឲ្យបង្កើនការប្រុងប្រយ័ត្ន និងអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងមន្ត្រីបច្ចេកទេសរបស់ថៃ។

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅរសៀលម៉ោងប្រមាណជា ១៖៣០នាទីរសៀលនេះ មានគ្រោះរញ្ជួយដីខ្លាំងមួយកើតឡើងនៅក្នុងទីក្រុងបាងកក និងខេត្តជុំវិញបណ្តាលឱ្យមានការបាក់រលំអាគារ និងការដ្ឋានសាងសង់មួយចំនួន។ ក្រសួងការងារ និងស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំទីក្រុងបាងកក បានកំពុងតាមដានករណីនេះ និងបានធ្វើការទាក់ទងជាមួយស្ថាប័នពាក់ព័ន្ធថៃ ដើម្បីស្វែងរកព័ត៌មានលម្អិតអំពីផលប៉ះពាល់ និងជនរងគ្រោះនៅទីតាំងដែលមានការបាក់រលំ។

ក្រសួងការងារ បានបន្ថែមថា ព័ត៌មានបឋម គិតត្រឹមម៉ោង ៣៖១៥នាទីរសៀល ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥នេះ គឺនៅការដ្ឋានដែលបាក់រលំអាគារមួយកន្លែងមានពលករបរទេសចំនួនប្រមាណជា ៣០នាក់ អាចនៅជាប់គាំងក្នុងអាគារ ប៉ុន្តែមិនទាន់អាចបញ្ជាក់បានថាមានជនជាតិណាខ្លះ។ អាជ្ញាធរថៃកំពុងធ្វើការសង្រ្គោះ និងជន្លៀស។ ក្រសួង និងស្ថានទូតនឹងបន្តតាមដាន និងត្រៀមខ្លួនផ្តល់ការគាំពារក្នុងករណីចាំបាច់។ ក្រសួង ក៏បានអំពាវនាវដល់បងប្អូនដែលកំពុងស្នាក់នៅទីក្រុងបាងកក សូមបង្កើនការប្រុងប្រយ័ត្ន និងសូមអនុវត្តតាមការណែនាំរបស់អាជ្ញាធរ និងមន្ត្រីបច្ចេកទេសរបស់ថៃ។

បងប្អូនប្រជាពលរដ្ឋខ្មែរដែលកំពុងស្ថិតនៅទីក្រុងបាងកក អាចទាក់ទងស្ថានឯកអគ្គរាជទូតកម្ពុជា ដើម្បីសុំជំនួយតាមរយៈ ទូរសព្ទ៖
- លេខ 094 092 5905, 094 416 558
- លេខ 083 545 7788 (លោក ឈឹម វិបុល)
- លេខ 062 089 8918 (លោក សម្ផស្ស)
- លេខ 092 299 0133 (កញ្ញា ចន្ថា)៕