Cctime 6monthsfree desktop
Cc times  web banner kh (2)

សមាគមឧកញ៉ាកម្ពុជា ចុះចែកអំណោយដល់សិស្សានុសិស្សនៅសាលាបឋមសិក្សាក្រចាប់ ខេត្តកំពង់ធំ

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

កំពង់ធំ៖ សមាគមឧកញ៉ាកម្ពុជា បានរៀបចំកម្មវិធីចែកអំណោយសប្បុរសធម៌ប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «ទាំងអស់គ្នាដើម្បីការអប់រំ» នៅសាលាបឋមសិក្សាក្រចាប់ ដែលស្ថិតនៅក្នុងក្រុងស្ទឹងសែន ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥។ កម្មវិធីចែកអំណោយសប្បុរសធម៌នេះ ត្រូវបានអភិបាលខេត្តកំពង់ធំ ចាត់ទុកថាជាអំណោយដែលមានតម្លៃខ្លាំងសម្រាប់ការលើកស្ទួយវិស័យអប់រំនៅខេត្តកំពង់ធំ។

ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងកម្មវិធីសំណេះសំណាល និងចែកអំណោយសប្បុរសធម៌ ប្រចាំឆ្នាំ២០២៥ របស់សមាគមឧកញ៉ាកម្ពុជា លោក នួន ផារ័ត្ន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសប្បុរសជនសមាគមឧកញ៉ាកម្ពុជាទាំងអស់ដែលបានចូលរួមបរិច្ចាគជាថវិកា និងសម្ភារៈ តាមរយៈលោក វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ ដោយឯកឧត្តមបានបញ្ជាក់ថា ថវិកាទាំងអស់នេះ ពិតជាមានតម្លៃខ្លាំងណាស់សម្រាប់លើកស្ទួយវិស័យអប់រំនៅខេត្តកំពង់ធំក្នុងការកសាងធនធានមនុស្សប្រកបដោយគុណភាព គុណតម្លៃ អភិវឌ្ឍន៍ប្រទេសជាតិមានការរីកចម្រើនបានឆាប់រហ័ស។

អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានសង្កត់ធ្ងន់ថា ក្រោមការដឹកនាំរបស់លោកអ្នកឧកញ៉ា លី យ៉ុងផាត់ សមាគមឧកញ៉ាកម្ពុជា បានយកចិត្តទុកដាក់ និងចូលរួមយ៉ាងសកម្មក្នុងបេសកកម្មមនុស្សធម៌ជាមួយរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថាប័នសប្បុរិសធម៌ផ្សេងៗទៀតរួមមានកាកបាទក្រហមកម្ពុជា មន្ទីរពេទ្យ វត្តអារាម និងជាពិសេសលើវិស័យអប់រំ ដែលជាការវិនិយោគមិនចេះរីងស្ងួតសំដៅបង្កើនធនធានមនុស្សសម្រាប់សង្គមជាតិ។

អ្នកឧកញ៉ា បានបន្ថែមថា អំណោយទាំងអស់នេះបានបង្ហាញពីស្មារតីសាមគ្គី នៃគ្រួសារសមាគមឧកញ៉ាកម្ពុជា ដែលបានចូលរួមយ៉ាងសស្រាក់សស្រាំក្នុងសកម្មភាពសប្បុរិសធម៌ស្របទៅតាមចក្ខុវិស័យ និងបេសកកម្មរបស់សមាគមដើម្បីជាគុណប្រយោជន៍ដល់សង្គមជាតិ បន្ថែមពីលើសកម្មភាពធុរកិច្ចក្នុងគោលបំណងបង្កើតការងារជូនប្រជាពលរដ្ឋខ្មែរ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។

ក្នុងដំណើរបំពេញការងារមនុស្សធម៌នេះដែរក៏មានវត្តមានចូលរួមរបស់អ្នកឧកញ៉ា ហេង បូរិន, ឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន, ឧកញ៉ាបណ្ឌិត ជា ដាណា និងឧកញ៉ា លី រិទ្ធ ដែលជាសមាជិក នៃសមាគមឧកញ៉ាកម្ពុជា។

សូមបញ្ជាក់ថា សាលាបឋមសិក្សាក្រចាប់ គឺជាសាលាមួយក្នុងសាលាទាំង ១០នៅក្នុងខេត្តកំពង់ធំដែលទទួលបានអំណោយពីសមាគមឧកញ៉ាកម្ពុជា ដោយសាលានេះទទួលបាននូវការឧបត្ថម្ភដូចខាងក្រោម៖

១- គ្រូបង្រៀន ១០នាក់ ដែលម្នាក់ៗទទួលបាន កញ្ចប់សម្លៀកបំពាក់ចម្រុះ ១កញ្ចប់ មាន (កាតាប១, អាវយឺតហេរ៉ូ១ និងអាវស្ត្រី១) និងថវិកា ៦ម៉ឺនរៀល។

២- សិស្សានុសិស្ស ១៧៧នាក់ ដែលម្នាក់ៗទទួលបាន សម្ភារៈសិក្សា ១ឈុត (រួមមានកាតាប១, សៀវភៅ១០ក្បាល, ប៊ិចខៀវ៥ដើម, ប៊ិចក្រហម៥ដើម, ខ្មៅដៃ១០ដើម, ទឹកលុប២ដើម, ជ័រលុប២ដុំ, ប្រដាប់ខួង២ដុំ, បន្ទាត់១ដើម, និងកាបូបប៊ិច១), ឯកសណ្ឋានសិស្ស ១ឈុត មាន (ខោ ឬសំពត់១, អាវស១), សម្លៀកបំពាក់នៅផ្ទះ ១ឈុត (មានអាវយឺតនិងខោ ឬរ៉ូបចម្រុះពណ៌២, អាវហេរ៉ូ១) និងចំនួនថវិកា ៤ម៉ឺនរៀល។ ជាមួយគ្នានេះ សិស្សានុសិស្ស ២០នាក់ ដែលខ្វះមធ្យោបាយធ្វើដំណើរទទួលបានកង់ម្នាក់១គ្រឿង សរុប២០គ្រឿងផងដែរ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង