ភ្នំពេញ៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា នេះជាពេលវេលាដ៏ល្អមួយសម្រាប់តម្រង់ទិសរបស់ក្រសួង លើការកំណត់ចំណុចរួម និងឯកភាពគ្នាដើរតាមគន្លងនេះក្នុងការធ្វើកិច្ចការនគរូបនីយកម្ម ដែលជានិមិត្តរូបនៃការរីកលូតលាស់និងការរស់រានមានជីវិតរបស់កម្ពុជា។
ថ្លែងក្នុងសិក្ខាសាលាបិទបញ្ចប់គម្រោងគាំទ្របច្ចេកទេស និងអភិវឌ្ឍសមត្ថភាពលើការងាររៀបចំដែនដី និងនគរូបនីយកម្ម នាព្រឹកថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២៥។
នាឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងអំណរគុណ មូលនិធិជប៉ុនសម្រាប់វិបុលភាព និងភាពធន់នៅអាស៊ីប៉ាស៊ីហ្វិក (JFPR) តាមរយៈធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានផ្តល់ការគាំទ្រក្នុង “គម្រោងគាំទ្របច្ចេកទេស និងអភិវឌ្ឍសមត្ថភាពលើការងាររៀបចំដែនដី និងនគរូបនីយកម្ម”នេះ។
លោកឧបនាយករដ្ឋមន្ត្រី ចាត់ទុកថាគម្រោងនេះ ជាគម្រោងមួយដ៏មានសារៈសំខាន់និងសមស្របតាមពេលវេលារបស់យើង ហើយឆ្លើយតបទៅនឹងអ្វីដែលជាចំណុចសំខាន់របស់រាជរដ្ឋាភិបាលកម្ពុជា ពីព្រោះគម្រោងនេះជាឱកាសសាកល្បងយក ក្រុងកំពត ប៉ោយប៉ែត និងក្រុងបាវិត មកគិតគូរក្នុងការងាររៀបចំដែនដី និងនគរូបនីយកម្ម ដែលការងារនេះជាការពង្រឹងមុខងារសាធារណៈសម្រាប់អគ្គនាយកដ្ឋាន, នាយកដ្ឋាននិងរដ្ឋបាលថ្នាក់ក្រោមជាតិ។ ឯកឧត្តម បានបន្ថែមថា ចំពោះការរៀបចំទីក្រុងក៏ត្រូវការធនធានមនុស្សដែលមានការយល់ឃើញប្រហាក់ប្រហែលគ្នានិងមានការឯកភាពគ្នានោះទើបការងាររៀបចំទីក្រុងអាចដំណើរការបានល្អ និងអភិវឌ្ឍន៍តាមសក្តានុពលនៃតំបន់និមួយៗដើម្បីរក្សានិរន្តរភាពរបស់ទីក្រុងនិងទាញយកផលប្រយោជន៍សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច។
លោកឧបនាយករដ្ឋមន្ត្រីបានចាត់ទុកនគរូបនីយកម្មថាជាកិច្ចការដ៏សំខាន់, ជានិមិត្តរូបនៃការរស់រានមានជីវិតនិងការលូតលាស់របស់យើង,ជាការរៀបចំដែនដីនិងរៀបចំសេដ្ឋកិច្ចឱ្យដើរលើផ្លូវត្រឹមត្រូវ។
លោក សាយ សំអាល់ បានជំរុញលើកទឹកចិត្តដល់ថ្នាក់ដឹកនាំក្រសួងត្រូវសម្លឹងឱ្យបានវែងឆ្ងាយលើការងារនគរូបនីយកម្ម ដែលមិនគ្រាន់តែជាការរៀបចំគូរប្លង់ ឬប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនោះទេប៉ុន្តែជាការធ្វើយ៉ាងណាគិតគូរបង្កើតគំនិតកែច្នៃទាញយកប្រយោជន៍ដើម្បីធ្វើឲ្យទីក្រុងអាចរស់រានមានជីវិតបាន មានន័យថាធ្វើឱ្យប្រជាពលរដ្ឋមានជីវភាពធូរធារ មានប្រាក់ចំណូល ,សេដ្ឋកិច្ចទីក្រុងមានភាពរឹងមាំនិងលូតលាស់ផងដែរ។
សូមជម្រាបថា គម្រោងនេះបានផ្តល់ការគាំទ្របច្ចេកទេសលើកិច្ចការ២ សំខាន់ គីការកសាងផែនការ និងសមត្ថភាពក្នុងផ្នែករៀបចំដែនដី និងនគរូបនីយកម្ម ហើយផ្តើមចេញពីគម្រោងនេះ ជាប្រទីបបំភ្លឺផ្លូវ លើការរៀបចំកម្ពុជាឱ្យទៅជាកម្ពុជាមាតុភូមិខ្ញុំ បណ្តុះគំនិតអោយប្រជាជនស្រលាញ់ទឹកដី និងជាតិនិយម ដោយធ្វើការកំណត់អត្តសញ្ញាណរបស់ជាតិយើង ព្រមទាំងរៀបចំដែនដី និងសេដ្ឋកិច្ចកម្ពុជា៕