
កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់ មានមនុស្សចំនួន ១៨ នាក់បានស្លាប់បាត់បង់ជីវិត និងម្នាក់កំពុងបាត់ខ្លួន ក្នុងហេតុការណ៍ភ្លើងឆេះព្រៃនៅកូរ៉េខាងត្បូង ខណៈក្រុមពន្លត់អគ្គិភ័យនៅតែបន្តប្រយុទ្ធ ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ ដែលកំពុងរីករាលដាលយ៉ាងលឿននេះ។នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មាន Yonhap របស់កូរ៉េខាងត្បូង។
ប្រភពដដែលបានរាយការណ៍ថា ភ្លើងឆេះព្រៃនេះ បានផ្តើមឆេះឡើងស្រុកសានឆុង (Sancheong) ក្នុងខេត្តគ្យុងសាំងខាងត្បូង (South Gyeongsang) កាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយបានបន្តរីករាលដាលដល់ស្រុកក្បែរនោះៗ ដោយសារខ្យល់បក់ខ្លាំង និង ភាពរាំងស្ងួត។

គិតត្រឹមថ្ងៃទី ២៦ មីនានេះ ភ្លើងឆេះព្រៃ បានបំផ្លាញព្រៃឈើចំនួន ១៧,០០០ហិកតា ផ្ទះ និងរោងចក្រចំនួន ២០៩ អណ្តាតភ្លើងក៏បានលេបត្របាក់បំផ្លាញ ប្រាសាទ Goun ក្នុងស្រុកអ៊ុយសុង (Uiseong)ប្រមូលផ្តុំដោយវត្តបុរាណមួយសាងសង់ឡើងក្នុងឆ្នាំ៦៨១ ក្នុងរាជវង្សស៊ីឡា (៥៧មុនគ.ស.-គ.ស.៩៣៥)។
បើតាមទីភ្នាក់ងារសារព័ត៌មាន Yonhap ចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនមក យោធាបានដាក់ពង្រាយកម្លាំងជួយអន្តរាគមន៍ប្រមាណ ៥ពាន់នាក់ និង ឧទ្ធម្ភាគចក្រ ១៤៦ គ្រឿង ដើម្បីជួយប្រយុទ្ធប្រឆាំងនឹងភ្លើងឆេះព្រៃដែលកំពុងឆេះនៅក្នុងតំបន់ភាគអាគ្នេយ៍។

ប្រធានាធិបតីស្តីទីរបស់កូរ៉េខាងត្បូង លោក ហាន ដុក-ស៊ូ បានអំពាវនាវជំរុញឲ្យមានការខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីជួយទប់ស្កាត់ការរីករាលដាលនៃភ្លើងឆេះព្រៃដ៏សាហាវនេះ។ លោកបានចាត់ទុកហេតុការណ៍ភ្លើងឆេះព្រៃនេះ ថាជាភ្លើងឆេះព្រៃដ៏អាក្រក់បំផុតមិនធ្លាប់មាន៕
