
ភ្នំពេញ៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ ចាប់បានរថយន្ត ១គ្រឿង ម៉ាក SSANGYONG ISTANA មានស៊ុតមាន់ប្រមាណជាង ២ម៉ឺនគ្រាប់ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ដឹកស៊ុត គ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញ ដែលស៊ុតទាំងនោះត្រូវបានដឹងថា នាំចូលមកពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ។
ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ និងផលិតផលសត្វ បានឃាត់រថយន្តចំនួន០១គ្រឿង ម៉ាកSSANGYONG ISTANA ពណ៌សម្បកឪឡឹក ជាប្រភេទរថយន្តដឹកអ្នកដំណើរ១៥កៅអី ពាក់ស្លាកលេខ(ប្រើស្លាកលេខ២ផ្សេងគ្នា) ស្លាកលេខខាងមុខភ្នំពេញ២J-៤៧៨៧ និងស្លាកលេខខាងក្រោយតាកែវ ២C-៧៨១២ ដោយបានរកឃើញស៊ុតសត្វមាន់សរុបទាំងអស់ ២៥៣២០គ្រាប់។

នៅពេលក្រុមការងារធ្វើការស្នើសុំរថយន្តខាងលើឱ្យឈប់ ដើម្បីធ្វើការត្រួតពិនិត្យ ស្រាប់តែម្ចាស់រថយន្តមិនសហការ នឹងបានបើករថយន្តរត់គេចពីការត្រួតពិនិត្យរបស់មន្ត្រីជំនាញ ចាប់តាំងពីចំណុចភ្លើងស្តុបបាគូរហូតដល់ខាងមុខបុរីភ្នំពេញថ្មី រ៉េឌាន ផាក លើផ្លូវ៣០ម៉ែត្រ ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ទើបក្រុមការងារអាចឃាត់រថយន្តខាងលើបាន ប៉ុន្តែក្នុងអំឡុងពេលដេញតាមរថយន្តជនសង្ស័យ រថយន្តរបស់ក្រុមការងារបានរងនូវការខូចខាតនៅផ្នែកខាងក្រោយ(កាងក្រោយ) ទ្វារថយន្តខាងស្ដាំ និងក្បាលរថយន្តចំហៀងខាងស្ដាំ។

ក្រោយពីបានពិនិត្យជាក់ស្ដែង មានការសារភាពពីអ្នកបើករថយន្ត និងតំណាងម្ចាស់ ស៊ុតសត្វទាំងអស់នេះត្រូវបាននាំចូលមកពីប្រទេសវៀតណាម តាមច្រកភ្នំដិន ស្រុកគីរីវង់ ខេត្តតាកែវឆ្ពោះទៅលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគ្មានវិញ្ញាបនបត្រអនាម័យសត្វពីប្រទេសនាំចេញ។ បន្ទាប់មក ក្រុមការងារបាននាំយកវត្ថុតាងបទល្មើសខាងលើនេះ ទៅរក្សាទុកនៅទីតាំងចត្តាឡីស័កសត្វរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់៕
