កំពង់ធំ៖ លោកបណ្ឌិត កៅ ថាច នៅរសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ បានចុះផ្សព្វផ្សាយហិរញ្ញប្បទានរបស់ធនាគារ ARDB ដល់សហគមន៍ដាំបន្លែ ផ្ទះសំណាញ់ និងសហគមន៍ចិញ្ចឹមមាន់ ព្រមទាំងកសិករចិញ្ចឹមទារយកស៊ុត ស្ថិតនៅ ក្នុងស្រុកស្ទោង ខេត្តកំពង់ធំ និងខេត្តសៀមរាប។
ក្នុងជំនួបរវាងលោកបណ្ឌិត និងកសិករជាច្រើនកន្លែងក្នុងស្រុកស្ទោង បានស្តាប់មតិលើកឡើងរបស់ក្រុមកសិករអ្នកចិញ្ចឹមសត្វ ព្រមទាំងកន្លែងបំប៉នគោយកសាច់,សហគមន៍ចិញ្ចឹមមាន់ស្រែស្ថិត ឃុំចំណាក្រោម និងកសិដ្ឋានចិញ្ចឹមទារយកស៊ុត ស្តីពីតម្រូវការទីផ្សារ ការផ្គត់ផ្គង់ ព្រមទាំងបញ្ហាប្រឈមនានា។
លោកបណ្ឌិត ក៏បានណែនាំបន្ថែមដល់បងប្អូនទាំងក្នុងសហគមន៍ ក្រៅសហគមន៍ទាំងអស់ព្រមទាំង អ្នកចិញ្ចឹមស្រាប់ដែលមានឆន្ទះពិតប្រាកដ ចង់ពង្រីកការចិញ្ចឹម និងដាំដុះបន្លែ ចិញ្ចឹមសត្វ ធនាគារ ARDB ស្វាគមន៍នឹងផ្តល់ឥណទានតម្លៃសមរម្យមានអត្រាការប្រាក់ទាបប្រមាណ ៧ភាគរយក្នុង១ឆ្នាំផងដែរ។
នៅរសៀលថ្ងៃដដែលនោះ លោកបណ្ឌិត កៅ ថាច និងសហការី ក៏បានចុះពិនិត្យមើលចុងក្រោយ នូវទីតាំង កន្លែងកសិដ្ឋានរបស់ ក្រុមហ៊ុន Made for This របស់លោក ដារ៉ន ដែលចិញ្ចឹមត្រីតាម ប្រព័ន្ធទឹកវិលជាប្លុក (IPRS) និងក្រុមចិញ្ចឹមកង្កែប ភ្ញាស់កូនកង្កែប និងចិញ្ចឹមកង្កែបសាច់ ប្រមាណ២០គ្រួសារ ស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប៕