Cctime 6monthsfree desktop
Cc times  web banner kh (2)

ចូលឆ្នាំខ្មែរ៖ អាជ្ញាធរហាម«លេងជះទឹកតាមដងផ្លូវ,ដុតផាវ និងលេងល្បែងស៊ីសងខុសច្បាប់»

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមីនានេះ បានចេញសេចក្តីប្រកាសពីសកម្មភាពមួយចំនួនដែលត្រូវហាមឃាត់ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ ដូចជាហាមការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក និងការវាយ ដោយរំពាត់ ឬឧបករណ៍ផ្សេងៗធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរ នៅតាមដងផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់អាយុជីវិត និងបង្កឱ្យមានរបួស ឬខូចខាតទ្រព្យសម្បត្តិ មិនឱ្យមានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

ដើម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយ សាធារណៈក្នុងឱកាសបុណ្យ ចូលឆ្នាំប្រពៃណីជាតិ ក៏ដូចជារក្សាបាននូវប្រពៃណីជាតិ ទំនៀមទម្លាប់ និងវប្បធម៌ដ៏ល្អ ផូរផង់របស់ជាតិខ្មែរ ក្នុងការចូលរួមសម្ដែងអំណរសាទរ និងទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ក្នុងរាជធានីភ្នំពេញ នោះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំដូចខាងក្រោម៖

មិនឱ្យមានការដុតផាវ កាំជ្រួច ឬប្រើប្រាស់គ្រឿងផ្ទុះគ្រប់ប្រភេទក្នុងឱកាសពិធីបុណ្យនេះ៖ មិនឱ្យមានការនាំចូល ចែកចាយ ទិញលក់ផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទហាមការលេងល្បែងជះទឹក ការជះទឹកមានពណ៌ ឬទឹកកខ្វក់ គប់ស្បោងទឹក និងការវាយ ដោយរំពាត់ ឬឧបករណ៍ផ្សេងៗធ្វើឱ្យប៉ះពាល់ដល់បងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរ នៅតាមដងផ្លូវ ដែលអាចនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់ដល់អាយុជីវិត និងបង្កឱ្យមាន របួស ឬខូចខាតទ្រព្យសម្បត្តិមិនឱ្យមានការលេងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ។

ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុង ស្ថានភាពស្រវឹង ដើម្បីចៀសវាងគ្រោះថ្នាក់ផ្សេងៗ។

នៅគ្រប់ទីវត្តអារាម ទីកន្លែងគោរពសក្ការៈបូជា ក្រសួង ស្ថាប័ន មន្ទីរ អង្គភាព គ្រឹះស្ថានសិក្សា អង្គការ សមាគម ក្រុមហ៊ុន រោងចក្រ សហគ្រាស គ្រប់ផ្សាររដ្ឋ និងផ្សារទំនើបឯកជន មជ្ឈមណ្ឌលកម្សាន្ត ម្ចាស់ទីតាំងអាជីវកម្មគ្រប់ប្រភេទ និងបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមាន ស្មារតីប្រុងប្រយ័ត្នខ្ពស់ក្នុងការអុជទៀនធូប ភ្លើងចង្ក្រាន ធុងហ្គាស ការឆ្លងចរន្តអគ្គិសនី ឬការ ប្រើប្រាស់សារធាតុងាយឆេះផ្សេងៗ ជាពិសេសត្រូវផ្តាច់ចរន្តអគ្គិសនីមុនពេលចាកចេញ ដើម្បី បង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយអគ្គិភ័យដែលអាចកើតឡើងជាយថាហេតុណាមួយ។

គួរបញ្ជាក់ថា ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ គ.ស.២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ទី១៥ និងទី១៦ ខែមេសា ឆ្នាំ២០២៥ខាងមុខនេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង