
កណ្ដាល៖ ខេត្តកណ្តាល នៅថ្ងៃទី ២៦ មីនានេះ បានក្លាយជាខេត្តទទួលបានជ័យលាភី«បញ្ចប់ការបន្ទោបង់ពាសវាលពាស»កាលកម្រិតខ្ពស់ (ODF+) ទី២នៅកម្ពុជា បន្ទាប់ពីរាជធានីភ្នំពេញ។ពិធីប្រកាសនេះ អបអរសាទរជ័យលាភីនេះ រៀបចំឡើងនៅបរិវេណសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្ដាល រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក គួច ចំរើន អភិបាលខេត្ត និង ប្រជាពលរដ្ឋ សរុបប្រមាណ ១ ៦០០នាក់។
យោងតាមរបាយការណ៍វាយតម្លៃ ខេត្តកណ្តាល មានខ្នងផ្ទះសរុបចំនួន ២៧០ ៣០០ខ្នងផ្ទះ មានអ្នកស្នាក់នៅជាក់ស្ដែងសរុបចំនួន ២៦៨ ០៩២ខ្នងផ្ទះ ក្នុងនោះ ខ្នងផ្ទះដែលបានប្រើប្រាស់បង្គន់ដែលមានការកែលម្អ ១០០% រួមមាន ខ្នងផ្ទះប្រើប្រាស់បង្គន់កែលម្អផ្ទាល់ខ្លួនមាន ២៦៤ ៥៥៨ ខ្នងផ្ទះ ស្មើនឹង ៩៨,៧% ខ្នងផ្ទះប្រើបង្គន់រួម មានចំនួន ៣ ៥៣៤ ខ្នងផ្ទះ ស្មើនឹង ១,៣% ដោយឡែក ចំនួនក្រុង-ស្រុក ODF+ មានចំនួន ១៣ ក្រុង-ស្រុក ស្មើនឹង ១០០%, ចំនួន ឃុំ-សង្កាត់ ODF+ មានចំនួន ១២៧ ឃុំ-សង្កាត់ ស្មើនឹង ១០០%, និងចំនួន ភូមិ ODF+ មានចំនួន ១ ០១០ ភូមិ ស្មើនឹង ១០០%។
ដើម្បីអបអរសាទរ ជ័យលាភីនេះ ក្រសួងអភិវឌ្ឍន៍ជនបទ រដ្ឋបាលខេត្តកណ្តាល អង្គការដៃគូរ ប្រជាពលរដ្ឋ សរុបប្រមាណ ១ ៦០០នាក់ បានរៀបចំពិធី នៅបរិវេណសួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ។លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានថ្លែងចាត់ទុក ខេត្តកណ្ដាលសម្រេចបាន នាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែមានភាពប្រសើរឡើង និងការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និង អនាម័យ។
គួរបញ្ជាក់ថា ខេត្តកណ្ដាល ត្រូវបានប្រកាសជាខេត្តសម្រេចការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២២ ហើយជ័យលាភីខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលកម្រិតខ្ពស់ (ODF PLUS)នេះ គឺជាខេត្តទី២ហើយ បន្ទាប់ពីរាជធានីភ្នំពេញ ដែលបានធ្វើពិធីប្រកាសកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤។
យោងតាមរបាយការណ៍ពី ក្រសួងអភិវឌ្ឍន៍ជនបទ គិតមកដល់ពេលនេះ អត្រាគ្របដណ្តប់ទឹកស្អាត និង អនាម័យទូទាំងប្រទេសសម្រេចបាន ៨៩.៩០% ក្នុងនោះការផ្គត់ផ្គង់ទឹកស្អាតកម្រិតមូលដ្ឋានសម្រេចបាន ៨៧.៤០% ខណៈការផ្តល់សេវាអនាម័យជនបទកម្រិតមូលដ្ឋានសម្រេចបាន ៩២.៤០% ហើយនៅត្រឹមឆ្នាំ២០៣០ ក្រសួងបានដាក់ផែនការសម្រេចអាត្រាគ្របដណ្តប់ទឹកស្អាត និង អនាម័យនៅទូទាំងប្រទេសឱ្យបាន ១០០%៕