ភ្នំពេញ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សហការជាមួយធនាគារជាតិនៃកម្ពុជា បានឯកភាពក្នុងការជួយជម្រុញសេដ្ឋកិច្ចជាតិកាន់តែប្រសើរក្នុងកម្រិតសមស្របណាមួយ តាមរយៈការសម្រួលអត្រាការប្រាក់ នឹងជួយបន្ធូរដល់បំណុលឯកជន ដែលអាចឈានទៅបន្ធូរដល់បំណុលសាធារណៈរបស់ប្រជាពលរដ្ឋ នឹងប្រែក្លាយដីឱ្យទីជាធនាគារដី ជួយជំរុញកំណើតសេដ្ឋកិច្ចជាតិ។
ក្នុងជំនួបពិភាក្សារវាងលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ បានពិភាក្សារិះរកការឯកភាពសហការក្នុងកម្រិតណាក្នុងវិស័យដីធ្លី ដើម្បីប្រែក្លាយដីឱ្យទៅជាធនាគារដី ដែលអាចជួយជំរុញកំណើនសេដ្ឋកិច្ចជាតិបានយ៉ាងល្អ។
លោក សាយ សំអាល់ បានកត់សម្គាល់ថា ជាទូទៅប្រាក់ដុល្លារនិងប្រាក់រៀលអាចដំណើរការនៅក្នុងលំហូរសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្ន ដែលនេះ គឺជារឿងដ៏ល្អមួយសម្រាប់កម្ពុជាដែលបានដើរលើផ្លូវដ៏ត្រឹមត្រូវតាំងពីឆ្នាំ១៩៧៩ មក។ លោកថា ការសម្រួលអត្រាការប្រាក់នឹងជួយបន្ធូរដល់បំណុលឯកជន ដែលអាចឈានទៅបន្ធូរដល់បំណុលសាធារណៈ។
បើតាមលោក សាយ សំអាល់ បានលើកសំណើដល់ធនាគារជាតិនៃកម្ពុជាថា តើអាចមានការឯកភាពសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កម្រិតណាក្នុងវិស័យដីធ្លីដើម្បីប្រែក្លាយដីឱ្យទៅជាធនាគារដី ដែលអាចជួយជំរុញកំណើនសេដ្ឋកិច្ចជាតិបានយ៉ាងល្អ។
លោកស្រី ជា សិរី អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានឱ្យដឹងអំពីស្ថានភាពវិស័យធនាគារ និង និង ផ្តាំផ្ញើដល់អ្នកដែលទទួលបានបណ្ណកម្មសិទ្ធិដីធ្លីពីរាជរដ្ឋាភិបាលហើយនោះត្រូវថែរក្សាទុកជាកេរមរតក និង សូមកុំយកទៅលក់ ឬដាក់បញ្ចាំនៅធនាគារភ្លាមៗ ហើយត្រូវប្រើប្រាស់បណ្ណកម្មសិទ្ធិនេះប្រកបដោយការទទួលខុសត្រូវ។
លោកស្រីថា ទំនាក់ទំនងរវាងអចលនទ្រព្យ និង ធនាគារគឺមានភាពស្អិតរមួត តាមរយៈការដាក់ទ្រព្យបញ្ចាំ ដើម្បីបានប្រាក់កម្ចី ហើយការឡើងឬចុះនៃតម្លៃអចលនទ្រព្យក៏មានផលប៉ះពាល់ដល់ធនាគារដែរ ហើយបានឯកភាពក្នុងការធ្វើកិច្ចសហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងកម្រិតសមស្របណាមួយដើម្បីជំរុញឱ្យសេដ្ឋកិច្ចជាតិដំណើរការល្អ៕