Cctime 6monthsfree desktop
Cc times  web banner kh (2)

វិចិត្រករកម្ពុជា លោក នូ សារី ដាក់បង្ហាញស្នាដៃគំនូរ «ពណ៌នៃដួងព្រលឹងខ្មែរ» នៅវិចិត្រសាលអេពីឌីមីកនៃប្រទេសបារាំង

សង្គម
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/
លោក នូ សារី , វិចិត្រករកម្ពុជា 

ភ្នំពេញ៖ វិចិត្រសាលអេពីឌីមីកនៃប្រទេសបារាំង នឹងដាក់បង្ហាញអំពីស្នាដៃគំនូរ “ពណ៌នៃដួងព្រលឹងខ្មែរ" ដែលជាស្នាដៃគំនូររបស់វិចិត្រករកម្ពុជាលោក នូ សារី ។ ការតាំងបង្ហាញនេះនឹងចាប់ផ្តើមពីថ្ងៃទី ៤ ខែមេសា រហូតដល់ថ្ងៃទី ២៦ ខែមេសា ឆ្នាំ២០២៥ ហើយនឹងនាំអ្នកទស្សនាទៅក្នុងបេះដូងនៃវប្បធម៌កម្ពុជា តាមរយៈទិដ្ឋភាពនៃជីវភាពរស់នៅប្រចាំថ្ងៃនៅក្នុងរូបគំនូររបស់លោក។

យោងតាម វិចិត្រសាលអេពីឌីមីកនៃប្រទេសបារាំង បានឱ្យដឹងថា លោក នូ សារី នឹងមានវត្តមាននៅក្នុងវិចិត្រសាលអេពីឌីមីក ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី ១២ ខែមេសា ដែលអាចអោយលោកអ្នកមានឱកាសបានជួបជាមួយលោក តាមរយៈអាហារពេលល្ងាចនិងតាមរយៈជំនួបដែលរៀបចំដោយវិចិត្រសាលដោយផ្ទាល់។លោក នូ សារី បានលើកឡើងថា “ខ្ញុំបានបង្ហាញនូវដួងព្រលឹងកម្ពុជាតាមរយៈស្នាដៃទាំងនេះ គឺពណ៍ នៃទឹកដីកម្ពុជា និងស្មារតីនៃប្រជាជនខ្មែរ។ ការតាំងបង្ហាញនេះ គឺជាការអញ្ជើញអ្នកទស្សនាទាំងអស់ឱ្យស្វែងយល់ពីទំនាក់ទំនងមួយនេះ។”

កើតនៅក្នុងឆ្នាំ ១៩៧១ នៅខេត្តកណ្តាល ប្រទេសកម្ពុជា លោក នូ សារី បាននាំយកនូវរឿងរាវពីការតស៊ូទៅក្នុងរូបគំនូររបស់លោក។ ជាកូនកំព្រានៅក្នុងរបបខ្មែរក្រហម លោកបានឈោងចាប់យកក្តីស្រមៃរបស់លោកនៅក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងរាជធានីភ្នំពេញ ហើយបានបន្តដុសខាត់ជំនាញរបស់លោកនៅ សាលាវិចិត្រសិល្បៈ Saint- Étienne ប្រទេសបារាំង។ ក្នុងនាមជាវិចិត្រករ ដែលល្បីឈ្មោះម្នាក់ ស្នាដៃរបស់លោក នូ សារី ត្រូវបានទទួលស្គាល់លើឆាកអន្តរជាតិ ក្នុងនោះលោកក៏ធ្លាប់ទទួលបានមេដាយសំរិទ្ធពី សមាគមវិចិត្រករបារាំងនៅទីក្រុងប៉ារីស កាលពីឆ្នាំ២០០៥ ផងដែរ។

ការតាំងបង្ហាញនឹងចាប់ផ្តើមពីកម្មវិធីបង្ហាញស្នាដៃមួយនៅថ្ងៃទី ៤ ខែមេសា ឆ្នាំ២០២៥ នៅម៉ោង ៧:០០ នាទីល្ងាច ដែលនឹងបើកឱ្យអ្នកចូលរួមអាចមានឱកាសប្រាស្រ័យទាក់ទងផ្ទាល់ជាមួយលោក នូ សារី និងស្វែងយល់ពីស្នាដៃរបស់លោក។ កម្មវិធីអាហារពេលល្ងាចជាមួយនឹងវិចិត្រករ នឹងចាប់ផ្តើមពីថ្ងៃទី ៩ ខែមេសា និង ថ្ងៃទី១១ មេសា។ ចំណែកឯពេលវេលាដែលវិចិត្រសាលនេះបើកជាសាធារណៈ គឺ រៀងរាល់ថ្ងៃពុធ ដល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង 11:00នាទីព្រឹក ដល់ 7:00 នាទី ល្ងាច។

គួរបញ្ជាក់ថា Les Couleurs de l'Âme Khmer គឺជាសាក្ខីកម្មនៃស្នាដៃដ៏វិចិត្ររបស់លោក នូ សារី ដែលបានបង្ហាញពី ទំនាក់ទំនងជាអន្តរកម្ម រវាងមនុស្សជាតិនិងធម្មជាតិ។ ស្នាដៃដែលគួរឱ្យចាប់អារម្មណ៍ផ្សេងទៀតរួម មាន La Moisson, Le Vent de la Récolte, Le Champ du Buffle, ឬ រូបគំនូរ La Croisée des Chemins, Marché aux Poissons, Nature et Religion ដែលស្នាដៃទាំងនេះសុទ្ធតែបានបង្ហាញសមត្ថភាពរបស់លោក នូ សារី នៅក្នុងការច្របាច់បញ្ចូលប្រពៃណីខ្មែរ ជាមួយនឹងមូលបថសាកល៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង