
ភ្នំពេញ៖ ខ្លោងទ្វារព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៥ ត្រូវបានរចនាឡើងតាមរចនាប័ទ្មបែបបុរាណ មានក្បូរក្បាច់លម្អដ៏ប្រណីត និងមានបង្កប់នូវអត្ថន័យបែបខ្មែរ ប្រៀបដូចជាដួងព្រលឹងខ្មែរ ដែលញញឹម សាទរ ស្វាគមន៍ រាក់ទាក់ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ នៅថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិនាពេលឆាប់ៗខាងមុខនេះ។

ព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំថ្មីនៅឆ្នាំ២០២៥នេះរៀបចំឡើងក្រោមប្រធានបទ«ញញឹមសាទរសង្រ្កាន្តឆ្នាំថ្មី»។ បើគិតពីឆ្នាំ ២០១៣ ឆ្នាំនេះជាឆ្នាំទី ១២ គិតចាប់ពីថ្ងៃបដិសន្ធិនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តដែលព្រឹត្តិការណ៍នេះបាននាំ មកនូវសម្បត្តិវប្បធម៌អរូបីជាច្រើនអនេកនៃដូនតាខ្មែរលើ បេតិកភណ្ឌរូបីនៃប្រាង្គប្រាសាទអង្គរ។

បើតាម លោក សុខ សប្បាយណា ដែលជាប្រធានក្រុមការងារប្រតិបត្តិអង្គរសង្ក្រាន្ដ ក្នុងឆ្នាំ ២០២៥ នេះ ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនឹងមានកម្មវិធីចំនួន ៣៨ ក្រុមការងារ៣៤ និង យុវជនស្ម័គ្រចិត្តចំនួនប្រមាណ ៥០០០ នាក់ ដើម្បីធ្វើយ៉ាងឱ្យព្រឹត្តិការណ៍នេះប្រព្រឹត្តទៅដោយរលូន និងមានភាពទាក់ទាញ៕