
អង់គ្លេស៖ ចក្រភពអង់គ្លេស បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងគម្រោង«អភិវឌ្ឍន៍កម្មវិធីថែទាំកុមារកំព្រានិងកុមារងាយរងគ្រោះតាមគ្រួសារនៅកម្ពុជា» នៅព្រះរាជវាំង Kensington នៃចក្រភពអង់គ្លេសនាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥។
លោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា មានជំនួបពិភាក្សាជាមួយព្រះអង្គម្ចាស់ Michael George of Kent បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងគម្រោង រវាងក្រសួងសង្គមកិច្ច និងអង្គការ Care For Children លើគម្រោង«អភិវឌ្ឍន៍កម្មវិធីថែទាំកុមារកំព្រានិងកុមារងាយរងគ្រោះតាមគ្រួសារនៅកម្ពុជា» លើការអនុវត្តគម្រោង ៣ឆ្នាំ ២០២៥-២០២៨។

គម្រោងនេះ នឹងជួយលើកកម្ពស់សុខុមាលភាពកុមារ តាមរយៈការអភិវឌ្ឍការថែទាំកុមារក្នុងគ្រួសារដែលជា ការថែទាំជំនួសជាវិជ្ជមាន ជំនួសឱ្យការថែទាំនៅតាមមណ្ឌលថែទាំ បណ្តុះបណ្តាលអ្នកថែទាំកុមារនូវចំណេះដឹង និងជំនាញ ដើម្បីអនុវត្តកម្មវិធីថែទាំកុមារតាមគ្រួសារ និងក្លាយទៅជាបុគ្គលិកសង្គមកិច្ចបឋម រៀបចំទុកដាក់កុមារទៅរស់នៅក្នុងគ្រួសារសហគមន៍ រួមទាំងសហការផ្សព្វផ្សាយការងារថែទាំជំនួសចំពោះកុមារនៅកម្ពុជា តាមរយៈការរៀបចំសន្និសីទ និងព្រឹត្តិការណ៍ផ្សេងៗ៕
