
ភ្នំពេញ៖ យុវជនមួយក្រុមឈ្មោះ Future Pioneers បានអនុវត្តគម្រោង «Green Sphere» កាលពីថ្ងៃទី ០៧ - ០៩ មីនា ២០២៥ ដោយជោគជ័យក្រោយការជ្រើសរើស និងដឹកនាំយុវជនដែលជានិស្សិត ១១នាក់ ដើម្បីចូលរួមសកម្មភាព ការស្វែងយល់អំពីសហគមន៍ និងបរិស្ថានធម្មជាតិ នៅឯ «សហគមន៍នេសាទទេសចរណ៍កំពង់សាមគ្គី» ស្ថិតនៅខេត្តកំពត។
លោក ពៀត វិឆៃ ស្ថាបនិកនិងជាអ្នកដឹកនាំគម្រោង «Green Sphere» បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា យុវជនដែលបានជ្រើសរើសចូលរួមកម្មវិធីមានអាយុចន្លោះពី ១៨ ទៅ ២២ ឆ្នាំ ហើយជានិសិ្សត ឆ្នាំទី១ ដល់ ឆ្នាំទី៤ ដែរមកពីសកលវិទ្យាល័យចំនួន ៨ ផ្សេងៗគ្នា។ លោកលើកឡើងថា គម្រោង «Green Sphere» មិនត្រឹមតែបានចូលរួមសកម្មភាពបរិស្ថានធម្មជាតិប៉ុណ្ណោះទេ តែសកម្មភាព ទាំងនេះបានចូលរួមចំណែកជាចំណូលមួយផ្នែកទៅសហគមន៍ផងដែរតាមរយៈ ការស្នាក់នៅ ម្ហូបអាហារ ដាំដើមកោងកាង ជិះទូកកម្សាន្ត និងសកម្មភាពផ្សេងៗទៀត។
លោក វិឆៃ បានរៀបរាប់បន្តថា យុវជនទាំង១១រូបដែលចូលរួម ទទួលបាននូវបទពិសោធន៍ការរស់នៅជាសហគមន៍ដូចជាការធ្វើការបង្គាក្រៀមដែលបានបង្រៀននិងណែនាំដោយអ្នកនៅក្នុងសហគមន៍ផ្ទាល់ និងការរាវងាវដែលជាមុខរបរប្រចាំថ្ងៃ អ្នកនៅក្នុងសហគមន៍ ហើយបានដាំដើមកោងកាងចំនួន ១៥០ដើម ជាសរុប។
ក្រៅពីការទទួលបានបទពិសោធន៍រស់នៅជាសហគមន៍ និស្សិតមកពីសាកលវិទ្យាល័យទាំង ៨ នេះ បានទទួលបានចំណេះដឹងថ្មីៗជាច្រើនទាក់ទងទៅនឹងសហគមន៍តាមរយៈ លោក សុខ កៅ ដែលជាប្រធានសហគមន៍នេសាទទេសចរណ៍កំពង់សាមគ្គីដោយលោកបានលើកឡើងអំពីការដឹកនាំនិងអភិវឌ្ឍសហគមន៍ បញ្ហាប្រឈមផ្សេងៗរបស់សហគមន៍ និងអត្ថប្រយោជន៍នៃព្រៃកោងកាងនិងស្មៅសមុទ្រ។
ទន្ទឹមនឹងនេះ លោក រូ ម៉ានិត មកពី The U.S. Ambassador's Youth Council បានចែករំលែកទៅលើប្រធានបទ “ការអនុវត្តប្រកបដោយ និរន្តរភាពក្នុងសហគមន៍” ដោយលោកបានសង្កត់ធ្ងន់ទៅនិយមន័យនៃនិរន្តរភាព និងសសរស្តម្ភសំខាន់ទាំង 3 នៃនិរន្តរភាពគឺ បរិស្ថាន សង្គម សេដ្ឋកិច្ច។
យុវជន លាង លេវីត ដែលជានិស្សិតមួយរូបក្នុងចំណោម ១១រូប បានរៀបរាប់ថា “ខ្ញុំបានសិក្សាពីជីវិតរស់នៅជាសហគមន៍ និងយល់ដឹងអំពីបរិស្ថាននៅជំវិញខ្លួនយើងដែលបានផ្ដល់អត្ថប្រយោជន៍ទៅកាន់ សហគមន៍និងប្រទេស កម្ពុជា តាមរយៈការចែករំលែកលោកអ៊ំដែលជាប្រធានសហគមន៍។ ហើយមួយវិញទៀតខ្ញុំបានរៀនអំពី មេរៀននិរន្តរភាពនិងយល់កាន់តែច្បាស់អំពីសកម្មភាពតូចៗដែលជះផលប៉ះពាល់ដល់បរិស្ថានក្នុងរយៈពេលវែង។ កាន់តែពិសេសខ្ញុំបានបង្កើតមិត្តភាពថ្មីៗ រៀនអំពីការធ្វើការជាក្រុមប្រកបដោយប្រសិទ្ធភាពផងដែរ។”
រីឯយុវតី ហេង ហ្រ្គិចសួគ៌សួគ៌ បានរៀបរាប់ថា “គម្រោង Green Sphere នេះបានផ្ដល់បទពិសោធន៍ថ្មីសម្រាប់ខ្ញុំ ដូចជាការរស់នៅលើទឹក រស់នៅដូចជាប្រជាពលរដ្ឋក្នុងតំបន់ ដោយបានស្វែងយល់ពីជីវិតប្រចាំថ្ងៃនិងការប្រកបរបរចិញ្ចឹមជីវិតរបស់ពួកគាត់។ អ្វីដែលខ្ញុំកាន់តែសប្បាយចិត្តនោះគឺគម្រោង Green Sphere បានធ្វើឱ្យខ្ញុំ សម្រេចក្ដីស្រម៉ៃរបស់ខ្ញុំគឺការដាំដើមកោងកាងនិងការរស់នៅលើទឹក ដែលជាបទពិសោធន៍មួយមិនអាច បំភ្លេចបាន។”
គម្រោង Green Sphere ត្រូវបានចូលរួមដឹកនាំដោយយុវជនមួយក្រុមដែលមានឈ្មោះថា Future Pioneers ដែលមានយុវជនចំនួន៥រូបជាក្រុមស្នូលក្នុងការធ្វើឱ្យគំនិតផ្តួចផ្តើមនេះទទួលបានជោគជ័យ គឺ លោក ពៀត វិឆៃ កញ្ញា វិន អេឡែន កញ្ញា សុខ គីមអ៊ី កញ្ញា វ៉ាន់ ម៉ីស័ង និង កញ្ញា តេង លីហ្សា។ គម្រោង Green Sphere ធ្វើឡើងក្រោមប្រធានបទ “យុវជនផ្សាភ្ជាប់ទៅនឹងសហគមន៍និងបរិស្ថានធម្មជាតិ” ដែលក្នុងនោះមានគោលបំណង ៣ គឺ ដើម្បីឱ្យយុវជនស្វែងយល់អំពី ការរស់នៅក្នុងសហគមន៍ ចូលរួមក្នុងការដាំដើមកោងកាង និងចូលរួមផ្សព្វផ្សាយតំបន់ទេសចរណ៍នេះ៕