
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានសម្រេចចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិបិទនាយករដ្ឋអប់រំអាម៉េរិកចោលទាំងស្រុងក្រោមមូលហេតុ ការគ្រប់គ្រងការអប់រំរបស់អាម៉េរិកនេះ មិនបានអប់រំកុមារក្នុងប្រទេសអាម៉េរិកមិនបានល្អ ចាយថវិកាអស់ច្រើនខ្វះគុណភាព។ផែនការលោកត្រាំនេះ ត្រូវបានក្រុមអ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យ រិះគន់រដ្ឋបាលលោកត្រាំ ចំពោះចំណាត់ការរុះរើនាយកដ្ឋានអប់រំ ដោយបានចោទថា លោកត្រាំមិនចង់ឱ្យពលរដ្ឋអាម៉េរិកទទួលបានការអប់រំ ហើយប្រសិនលុបវានឹងប៉ះពាល់ដល់ពលរដ្ឋអាម៉េរិក ជាពិសេស គ្រួសារដែលមានជីវភាពទាប និងកុមារពិការជាដើម។
យោងតាមសេតវិមានរបស់អាម៉េរិកលោកដូណាល់ត្រាំនឹងធ្វើការចុះហត្ថលេខាបិទនាយកដ្ឋានអប់រំចោលក្នុងពេលខាងមុខនេះឆាប់ជាទីបំផុត។ ចំណាត់ការរបស់លោកត្រាំនេះត្រូវបានជំទាស់រួចហើយដោយក្រុមមេធាវីរដ្ឋប្រជាធិបតេយ្យ ដែលបានដាក់ពាក្យប្តឹងកាលពីសប្តាហ៍មុន ស្វែងរកការរារាំងរដ្ឋបាល ត្រាំ ពីការរុះរើនាយកដ្ឋាន និងបញ្ឈប់ការបណ្តេញបុគ្គលិកជិតពាក់កណ្តាលដែលបម្រើការនៅនាយករដ្ឋអប់រំ។

លោកត្រាំបានអំពាវនាវម្តងហើយម្តងទៀតឱ្យលុបបំបាត់នាយកដ្ឋាននេះចោលដោយលោកលើកហេតុផលថាមិនមានប្រសិទ្ធភាព និងខ្ចះខ្ចាយថវិការជាតិ ។ លោកត្រាំក៏ធ្លាប់បានស្នើឲ្យបិទនាយករដ្ឋាននេះក្នុងអាណត្តិដំបូងរបស់លោកជាប្រធានាធិបតីដែរ ប៉ុន្តែសភាមិនបានយល់ព្រមនោះទេ។

នាយកដ្ឋានអប់រំនេះមានតួនាទីត្រួតពិនិត្យសាលាសាធារណៈចំនួន ១០០,០០០ និងសាលាឯកជនចំនួន៣៤,០០០ នៅសហរដ្ឋអាម៉េរិក ហើយអាចឲ្យនិស្សិតមានបញ្ហាខ្វះខាតអាចខ្ចីថវិការយកទៅសិក្សាបានសិន ហើយទូទាត់សងវិញនាពេលរៀនចប់។ នាយកដ្ឋាននេះ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៧៩ និងបានជួយគាំទ្រដល់ការអប់រំរបស់សិស្សមកពីគ្រួសារមានប្រាក់ចំណូលទាប និង កុមារពិការជាដើម៕