
អ៊ីស្រាអែល៖ កងកម្លាំងការពារអ៊ីស្រាអែលបានធ្វើការវាយប្រហារយ៉ាងខ្លាំងក្លាសារជាថ្មីម្តងទៀតនៅទូទាំងតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកថ្ងៃអង្គារ ការវាយប្រហារថ្មីនេះអ៊ីស្រាអែលបានកំណត់គោលដៅទៅលើក្រុមភេរវករហាម៉ាសដែលនេះគឺជាការវាយប្រហារដ៏ធំលើកដំបូងរបស់ខ្លួនចាប់តាំងពីការចចារបទឈប់បាញ់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល Katz បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាយប់នេះ យើងបានត្រលប់ទៅប្រយុទ្ធនៅតំបន់ ហ្គាហ្សាម្តងទៀតដោយសារតែការបដិសេធរបស់ក្រុមហាម៉ាស់ក្នុងការដោះលែងចំណាប់ខ្មាំង និងការគំរាមកំហែងដើម្បីធ្វើបាបទាហានអ៊ីស្រាអែលនិងសហគមន៍អ៊ីស្រាអែល ។ ប្រសិនបើក្រុមហាម៉ាសមិនដោះលែងចំណាប់ខ្មាំងទាំងអស់ទេ ទ្វារនរកនឹងបើកនៅក្នុងតំបន់ហ្គាហ្សា។ បច្ចុប្បន្ននេះទាហានអ៊ីស្រាអែលកំពុងវាយលុកគោលដៅរបស់អង្គការភេរវករហាម៉ាស់ នៅទូទាំងតំបន់ ហ្គាហ្សា។

យោងតាមក្រសួងការពារជនស៊ីវិលនៅហ្គាហ្សា មនុស្សជាង ៣០០ នាក់រួមទាំងកុមារជាច្រើននាក់ត្រូវបានសម្លាប់ ហើយមនុស្សមួយចំនួនកំពុងជាប់នៅក្រោមគំនរបាក់បែកនៃគេហដ្ឋានដែលត្រូវបានទម្លាក់គ្រាប់បែកដោយកងកម្លាំងអ៊ីស្រាអែល៕