
អាម៉េរិក៖ ក្រុមហ៊ុនយក្ស Starbucks បានសម្រេចសងសំណងដល់អតិថិជនរបស់ខ្លួនក្នុងទំហំទឹកប្រាក់ដល់ទៅ ៥០លានដុល្លារក្រោយពីកំពប់តែក្តៅពេញមួយដងខ្លួនខាងក្រោមរបស់អតិថិជនម្នាក់រស់នៅក្នុងរដ្ឋកាលីហ្វញ៉ា។ តាមរយះវីដេអូគេឃើញជនរងគ្រោះ Michael Garcia បានយកថាសដែលដាក់តែក្តៅនោះហើយភេសជ្ជៈបានធ្លាក់ពីលើ បណ្តាលឱ្យលោករលាកកម្រិតទី ៣ មួយក្រោមខ្លួនប៉ះពាល់ដល់ ក្រលៀន និងភ្លៅ និងប្រដាប់ភេទរបស់គាត់។ ជនរងគ្រោះតម្រូវឱ្យសម្រាកនៅមន្ទីរពេទ្យ និងវះកាត់ស្បែកជាច្រើន ដែលបណ្តាលឱ្យខូចទ្រង់ទ្រាយស្បែកដើមជាអចិន្ត្រៃយ៍ និងការឈឺចាប់ជាបន្តបន្ទាប់។
យោងតាមគណៈវិនិច្ឆ័យនៃរដ្ឋ Los Angeles បានរកឃើញថាលោក Michael Garcia ដែលបានទទួលការកាត់ស្បែក និងនីតិវិធីផ្សេងទៀតនៅលើប្រដាប់ភេទរបស់លោក បន្ទាប់ពីភេសជ្ជៈតែទំហំតូចមួយបានហៀរកំពប់ចេញទឹកក្តៅរលាកភ្លាមៗ កើតហេតុកាលពីថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ២០២០។ លោកបានទទួលការខូចទ្រង់ទ្រាយដងខ្លួនខាងក្រោមជាអចិន្ត្រៃយ៍ ដែលបានបំផ្លាញជីវិតរបស់លោក។

ពាក្យបណ្តឹងរបស់លោក Garcia បានស្តីបន្ទោសការរងរបួសរបស់លោកទៅលើក្រុមហ៊ុន Starbucks ដោយលោកបានអះអាងថា បុគ្គលិកម្នាក់មិនបានយកចិត្តទុកដាក់ និងគិតដល់សុវត្ថិភាពលោកមុនពេលហុចទៅឲ្យលោកឡើយ។ មេធាវីម្នាក់របស់លោក Garcia លោក Nick Rowley បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "សាលក្រមរបស់គណៈវិនិច្ឆ័យនេះគឺជាជំហានដ៏សំខាន់មួយក្នុងការធ្វើឱ្យ Starbucks ទទួលខុសត្រូវចំពោះការមិនយកចិត្តទុកដាក់ចំពោះសុវត្ថិភាពអតិថិជន និងការខកខានក្នុងការទទួលយកការទទួលខុសត្រូវ" ។

ជាការឆ្លើយតបក្រុមហ៊ុន Starbucks បាននិយាយថា ខ្លួនអាណិត Garcia ប៉ុន្តែគ្រោងនឹងប្តឹងឧទ្ធរណ៍។ ក្រុមហ៊ុនកាហ្វេយក្សដែលមានមូលដ្ឋាននៅទីក្រុង Seattle បានបន្តទៀតថាយើងមិនយល់ស្របនឹងការសម្រេចចិត្តរបស់គណៈវិនិច្ឆ័យដែលថាយើងមានកំហុសចំពោះឧប្បត្តិហេតុនេះឡើយ ហើយយើងជឿថាការខូចខាតដែលយើងសងគឺមានចំនួនលើសខ្លាំង៕