Cctime 6monthsfree desktop
Cc times  web banner kh (2)

ក្រោយចប់ថ្នាក់វិទ្យាល័យ យុវជន វណ្ណ សំរិទ្ធបញ្ញា ចំណាយពេលរៀន«ជំនាញបច្ចេកវិទ្យា»ដោយខ្លួនឯង​ ដើម្បីចាប់យកអាជីពនាពេលអនាគត

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី​ លីតា
/
យុវជន វណ្ណ សំរិទ្ធបញ្ញា 

ភ្នំពេញ៖ ក្រោយចប់ពីថ្នាក់វិទ្យាល័យឆ្នាំ២០២៣ យុវជន វណ្ណ សំរិទ្ធបញ្ញា ចំណាយពេលរៀនជំនាញពាក់ព័ន្ធនឹងបច្ចេកវិទ្យាដោយខ្លួនឯង ដោយយល់ឃើញថា មានមេរៀនជាច្រើនដែលមានក្នុងសម័យឌីជីថលអាចរៀនដោយឥតគិតថ្លៃហើយមានប្រសិទ្ធភាពចំពោះខ្លួន ដរាបណាមានវិន័យនិងគោលការណ៍ចំពោះខ្លួនឯង។ អំឡុងពេលចំណាយពេលសិក្សាដោយខ្លួនឯង បញ្ញា ថែមទាំងបានចូលរួមកម្មវីធីផ្សេងៗជាច្រើនទាំងក្នុងស្រុក និងក្រៅស្រុក​ដើម្បីពង្រឹងសមត្ថភាពរបស់ខ្លួនបន្ថែមទៀត។

យុវជន វណ្ណ សំរិទ្ធបញ្ញា ជាសិស្សដែលបានបញ្ចប់ការសិក្សាថ្នាក់មធ្យមសិក្សាទុតិយភូមិកាលពីឆ្នាំ២០២៣ពីសាលាឯកជនមួយ។ កាលនៅសិក្សាថ្នាក់វិទ្យាល័យ យុវជនរូបនេះ បានចូលរួមកម្មវិធីក្រៅម៉ោងសិក្សាក្នុងនាមជាអ្នកចូលរួមកម្មវិធីសិក្សានានា អ្នករៀបចំនិងសម្របសម្រួលកម្មវិធីពាក់ព័ន្ធនឹងការអប់រំ ដូចជា យុទ្ធនាការ ថាមពលនៃសៀវភៅ (The Power of Book campaign) ជំរំ Show Your Work, ផ្តួចផ្តើមបង្កើតនូវកម្មវិធីចែករំលែកពីអាហារូបករណ៍ ចំនួន២រដូវកាលផ្សេងគ្នាដែលមានឈ្មោះថា Rean Krav System និងសកម្មភាពផ្សេងៗទៀតជាច្រើន។

ក្រោយបញ្ចប់ការសិក្សាថ្នាក់វិទ្យាល័យ សំរឹទ្ធបញ្ញា មិនទាន់ចូលរៀននៅសាកលវិទ្យាល័យនៅឡើយ ដោយមូលហេតុចង់ផ្តោតលើការរៀនខ្លួន​ឯងលើជំនាញខាងបច្ចេកវិទ្យា ដោយសង្កេតឃើញថាមានធនធានមេរៀនជាច្រើនដែលខ្លួនអាចសិក្សាដោយខ្លួនឯង ដោយផ្តោតលើជំនាញ Full - Stack Development ។ បញ្ញា ជឿជាក់ថាការធ្វើបែបនេះបានធ្វើឱ្យខ្លួនរៀនបានរហ័ស និងមានប្រសិទ្ធភាពចំពោះការចាប់យកជំនាញនេះ។

យុវជន វណ្ណ សំរិទ្ធបញ្ញា បានថ្លែងប្រាប់ស៊ីស៊ីថាមស៍ថា បន្ថែមពីការសិក្សាជំនាញបច្ចេកវិទ្យាខាងលើដោយខ្លួនឯង បញ្ញាបានចំណាយពេលមួយថ្ងៃៗ ជាមួយនឹងភាពប្រសើរឡើង ដោយធ្វើសកម្មភាពមួយចំនួនដូចជា រៀនដោយខ្លួនឯងចំនួនប្រមាណ ៧ម៉ោង ចំណាយពេលដើម្បីរកប្រាក់ចំណូល ៤ម៉ោង ចំណាយពេលលើសកម្មភាពផ្សេងៗទៀតដើម្បីអភិវឌ្ឍសមត្ថភាពក្នុងការសិក្សារបស់ខ្លួនចំនួន៣ម៉ោង ចំណាយពេលលើកីឡា២ម៉ោងតាមរយៈការហាត់ប្រាណ និងការជិះកង់ជាដើម ។ យុវជន វណ្ណ សំរិទ្ធបញ្ញា បានលើកឡើងថា ខ្លួនអាចសម្រេចបាននូវសកម្មភាពជាច្រើនក្នុងរយៈពេលពីមួយថ្ងៃទៅមួយថ្ងៃ ដោយសារតែការមានវិន័យលើខ្លួនឯង ដោយប្រកាន់ខ្ជាប់ថា ខ្លួនត្រូវតែងើបបំពេញកាតព្វកិច្ច និងសកម្មភាពដែលបានដាក់គោលការណ៍លើខ្លួនឯង ទោះពេលខ្លះមានអារម្មណ៍មិនចង់ធ្វើក៏ដោយ។

ជាចុងក្រោយ យុវជន វណ្ណ សំរិទ្ធបញ្ញា ផ្តល់ជាសារទៅកាន់យុវជនជំនាន់ក្រោយថា «នៅពេលដែលយើងសម្រេចចិត្តធ្វើអ្វីមួយដែលយើងជឿជាក់ថាយើងអាចធ្វើបាន នោះយើងនឹងមានកម្លាំងចិត្តក្នុងការបន្តធ្វើវា ទទួលយកនូវលទ្ធផលដែលហុចផលមកឆ្លើយតបនឹងសកម្មភាពដែលយើងបានធ្វើជាមិនខាន ជាពិសេស នៅពេលដែលជឿជាក់លើខ្លួនឯងហើយ ចាប់ផ្តើមធ្វើតែម្តង ហើយកុំងាករេពេកទៅតាមអ្នកជុំវិញខ្លួនដោយសារតែព័ត៌មានដែលទទួលបានពីគេ។ ត្រូវហ៊ានរស់នៅជាមួយនឹងជិវិតដែលយើងបានជ្រើសរើសដោយខ្លួនឯង ហើយកុំខ្លាចប្រសិនបើបរាជ័យពេលណាមួយ ព្យាយាមរៀនសូត្រ និងឆ្លុះបញ្ចាំងពីខ្លួនឯងឡើងវិញ»៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង