
អាម៉េរិក៖ ប្រធានាធិបតីអាម៉េរិកលោកដូណាល់ត្រាំបានបញ្ជាឲ្យយោធាសហរដ្ឋអាម៉េរិកចាប់ផ្តើម សកម្មភាពយោធាដ៏ម៉ឺងម៉ាត់ និងមានឥទ្ធិពលវាយប្រហារលើក្រុមឧទ្ទាមហ៊ូធី ក្នុងប្រទេសយេម៉ែន។ ការសម្រេចចិត្តបញ្ជាទ័ពវាយប្រហារទៅកាន់ក្រុមឧទ្ទាមហ៊ូធីយេម៉ែននេះធ្វើឡើងក្រោយពីក្រុមហ៊ូទីច្រើនតែបង្កើតហិង្សា អំពើភេរវកម្មប្រឆាំងនឹងជនជាតិអាម៉េរិក និងលួចវាយប្រហារ នាវា យន្តហោះ និងយន្តហោះគ្មានមនុស្សបើកផ្សេងៗដែលធ្វើដំណើរឆ្លងកាត់សមុទ្រក្រហមជាទីតាំងផ្លូវដឹកជញ្ជូនទំនិញយ៉ាងសំខាន់។
យោងតាមមន្ត្រីអាម៉េរិកម្នាក់បានបញ្ជាក់ប្រាប់ប្រព័ន្ធផ្សព្វផ្សាយ ABC News ថាទ័ពអាកាស និងកងទ័ពជើងទឹកអាម៉េរិក បានវាយប្រហារលើគោលដៅក្រុមឧទ្ទាមហ៊ូធីយេម៉ែនរាប់សិបកន្លែងក្នុងប្រទេសយេម៉ែន រួមទាំងបំផ្លាញប្រព័ន្ធមីស៊ីល យន្តហោះគ្មានមនុស្សបើក និងប្រព័ន្ធការពារដែនអាកាសក្នុងប្រទេសយេម៉ែន។ មន្ត្រីអាម៉េរិកបានចាត់ទុកការវាយប្រហារនេះថាជាការបើកចំហប្រឆាំងនឹងក្រុម ហ៊ូទី ហើយនេះក៏ជាសារព្រមានយ៉ាងខ្លាំងទៅកាន់ប្រទេសអ៊ីរ៉ង់។

ការវាយប្រហាររបស់អាម៉េរិកត្រូវបានធ្វើឡើងដោយយន្តហោះចម្បាំងចេញពីនាវាផ្ទុកយន្តហោះ Harry S. Truman ដែលឥឡូវនេះនៅកំពុងតែស្ថិតក្នុងសមុទ្រក្រហមភាគខាងជើង ហើយយន្តហោះវាយប្រហាររបស់កងទ័ពអាកាស និងយន្តហោះគ្មានមនុស្សបើកប្រដាប់ដោយអាវុធធន់ធ្ងន់ក៏បានបាញ់ចេញពីមូលដ្ឋាននៅក្នុងតំបន់ក្បែរប្រទេសយេម៉ែនផងដែរ។ ការវាយប្រហាររបស់អាម៉េរិកនឹងមានកម្រិតកាន់តែខ្លាំងឡើងប្រសិនបើមានការតដៃពីក្រុមឧទ្ទាមហ៊ូទី។ លោក Trump ក៏បានផ្ញើសារព្រមានទៅក្រុមអ៊ីរ៉ង់ថា ការគាំទ្ររបស់ខ្លួនចំពោះក្រុមហ៊ូទីត្រូវតែបញ្ចប់ភ្លាមៗ។

ជាការឆ្លើយតបអ្នកនាំពាក្យក្រសួងសុខាភិបាលនៃប្រទេសយេម៉ែនបាននិយាយថា យ៉ាងហោចណាស់មនុស្សចំនួន ៥៣ នាក់បានស្លាប់ និង ៩៨ នាក់បានរងរបួសនៅក្នុងការវាយប្រហារនេះ។ អ្នកស្លាប់និងរបួសភាគច្រើនជាជនស៊ីវិល ហើយចំនួនអ្នកស្លាប់ និងរបួសនឹងត្រូវបានធ្វើបច្ចុប្បន្នភាពបន្ថែមដោយចំនួនអ្នកស្លាប់នឹងរងរបួសនឹងមានការកើនឡើងខ្លាំងបន្ថែមទៀត។

គួរបញ្ជាក់ថាចាប់តាំងពីការវាយប្រហាររបស់ ហាម៉ាស់ ចូលអ៊ីស្រាអែលកាលពីខែតុលា ឆ្នាំ ២០២៣ ក្រុម ហ៊ូទី បានបើកការវាយប្រហារជាង ១០០ លើកលើនាវាដឹកទំនិញនៅក្នុងសមុទ្រក្រហម ដែលបណ្តាលឱ្យមានការរំខានដល់ពាណិជ្ជកម្មពិភពលោកតាមរយៈផ្លូវដឹកជញ្ជូនដ៏សំខាន់បំផុតមួយនៅក្នុងពិភពលោក៕