
ភ្នំពេញ៖ ខេត្តសៀមរាប នៅវេលាម៉ោងរសៀល ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៥ បានទទួលរងភ្លៀងធ្លាក់ លាយឡំជាមួយខ្យល់កន្ដ្រាក់ស្ទើរទូទាំងខេត្ត និង ករណីរន្ទះបាញ់ បានបណ្តាលឱ្យប៉ះពាល់ប្រជាពលរដ្ឋប៉ះពាល់ជាសរុប ១៨២ គ្រួសារ រលំដើមឈើ៧១ដើម នៅភូមិសាស្ត្រក្រុង/ស្រុកចំនួន៩ ដែលបង្កឱ្យមានផលប៉ះពាល់ដល់ផ្ទះសម្បែង អគារ តូប បង្គោលភ្លើងលម្អផ្លូវ និងផ្សេងៗទៀត។
យោងតាមរបាយការណ៍បឋមនៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត រដ្ឋបាលខេត្តសៀមរាប បានឱ្យដឹងថា គិតត្រឹមម៉ោង ៩យប់ ថ្ងៃទី ១៦ មីនា ២០២៥ ករណីខ្យល់កន្ត្រាក់ បានបណ្តាលឱ្យមានផលប៉ះពាល់កើតឡើងនៅភូមិសាស្ត្រក្រុង/ស្រុកចំនួន៩ រួមមាន ក្រុងរុនតាឯកតេជោសែន ស្រុកប្រាសាទបាគង ស្រុកស្វាយលើ ស្រុកអង្គរធំ ស្រុកពួក ស្រុកបន្ទាយស្រី ស្រុកសូទ្រនិគម ស្រុកជីក្រែង និងស្រុកអង្គរជុំ។

ប្រភពរូបភាព៖ ប្រជាពលរដ្ឋ
ករណីខ្យល់កន្ត្រាក់ នៅភូមិសាស្រ្តទាំង៩នេះ បានបង្កឱ្យមានផលប៉ះពាល់ និងការខូចខាតដូចតទៅ ប្រជាពលរដ្ឋប៉ះពាល់ចំនួន ១៨២គ្រួសារ ខូចខាតផ្ទះសម្បែង (រលំផ្ទះ/ទ្រេត) សរុបចំនួន ១១ខ្នង ប៉ះពាល់ផ្ទះសម្បែង (របើកដំបូល និងសំយាបផ្ទះ) សរុបចំនួន ១៦០ខ្នង ប៉ះពាល់ដំបូលព្រះវិហារ ចំនួន ១ខ្នង ប៉ះពាល់អគាររដ្ឋបាលចំនួន ២ខ្នង ប៉ះពាល់ដំបូលបន្ទប់ទឹកសាធារណៈចំនួន ២ខ្នង ប៉ះពាល់រោង /តូប ចំនួន ៦កន្លែង រលំ/បាក់ដើមឈើ ចំនួន ៧១ដើម រួមនឹងផលប៉ះពាល់ផ្សេងទៀត ដូចជា រលំបង្គោលភ្លើងលម្អផ្លូវ, រលំ-បាក់មែកឈើលើ ដងផ្លូវ ។ ជាសរុប ករណីហេតុការណ៍ខ្យល់កន្រ្តាក់នេះបានបណ្តាលឱ្យរបួស ៧នាក់ (ស្រី ៣នាក់) និងពុំមានអ្នកស្លាប់។

ប្រភពរូបភាព៖ ប្រជាពលរដ្ឋ
បើតាម លេខាធិការដ្ឋាននៃគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តសៀមរាប ករណីរន្ទះបាញ់ បានកើតឡើងនៅភូមិសាស្ត្រក្រុងស្រុកចំនួន៤ រួមមាន ស្រុកជីក្រែង (១ករណី) ស្រុកស្វាយលើ (២ករណី) និងស្រុកសូទ្រនិគម (១ករណី) បណ្តាលឱ្យរបួស ៤នាក់ (ស្រី ០នាក់) និងស្លាប់ ១នាក់ (ស្រី ០នាក់)។

ប្រភពរូបភាព៖ ប្រជាពលរដ្ឋ
គួរបញ្ជាក់ថា មានស្រុកចំនួន៣នៃខេត្តសៀមរាបដែល មានខ្យល់កន្ត្រាក់ តែពុំទទួលរងផលប៉ះពាល់ ដែលមានដូចជា ស្រុកក្រឡាញ់ ស្រុកវ៉ារិន និងស្រុកស្រីស្នំ ។ យ៉ាងណាមិញ លេខាធិការដ្ឋានពុំទទួលបានសេចក្ដីរាយការណ៍ពីក្រុងសៀមរាបនៅឡើយ៕