
មូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានគូសបញ្ជាក់ថារុស្ស៊ីគាំទ្រសំណើរបស់សហរដ្ឋអាម៉េរិកសម្រាប់បទឈប់បាញ់នៅអ៊ុយក្រែនជាគោលការណ៍ ប៉ុន្តែបទឈប់បាញ់នឹងត្រូវដោះស្រាយពីមូលហេតុនៃជម្លោះ ហើយព័ត៌មានលម្អិតសំខាន់ៗនៃបទឈប់បាញ់ត្រូវតែប្រែសម្រួលសារឡើងវិញ។ ការបញ្ជាក់របស់លោកពូទីននេះធ្វើឡើងប៉ុន្មានថ្ងៃបន្ទាប់ពីអ៊ុយក្រែនយល់ព្រមបទឈប់បាញ់រយៈពេល ៣០ ថ្ងៃជាមួយនឹងប្រទេសរុស្ស៊ី។
បើតាមប្រមុខមេដឹកនាំប្រទេសរុស្ស៊ីលោកពូទីនបានអះអាងថាយើងយល់ព្រមជាមួយនឹងសំណើដើម្បីបទឈប់បាញ់ តែយើងនឹងពិនិត្យមើលបន្ថែម។ លោកពូទីនក៏បានអរគុណប្រធានាធិបតីអាម៉េរិក Donald Trump ដែលព្យាយាមបង្កើតសន្តិភាពដើម្បីស្វែងរកផ្លូវបញ្ចប់សង្រ្គាម។

ជាការឆ្លើយតបលោក Trump បាននិយាយថាលោកមានឆន្ទៈក្នុងការនិយាយជាមួយមេដឹកនាំរុស្ស៊ីតាមទូរស័ព្ទនឹងសង្ឃឹមថាទីក្រុងម៉ូស្គូនឹង "ធ្វើរឿងត្រឹមត្រូវ" ដើម្បីបញ្ចប់ជម្លោះមួយនេះ។ លោក Trump បានបញ្ជាក់ទៀតថា លោក Steve Witkoff បេសកជនពិសេសរបស់លោកបានចូលរួមក្នុងកិច្ចពិភាក្សាដ៏ស៊ីជម្រៅជាមួយរុស្ស៊ីនៅទីក្រុងមូស្គូជុំវិញសំណើរបស់សហរដ្ឋអាម៉េរិកដែលអ៊ុយក្រែនបានយល់ព្រមរួចហើយ។

សម្រាប់លោក Trump ការពិភាក្សាជាមួយរុស្ស៊ីនៅថ្ងៃព្រហស្បតិ៍នឹងបង្ហាញថាតើក្រុងម៉ូស្គូបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើកិច្ចព្រមព្រៀងឬអត់។លោកបានបន្ថែមថាឥឡូវនេះយើងនឹងពិនិត្យមើលថាតើរុស្ស៊ីគិតយ៉ាងណាជុំវិញបទឈប់បាញ់ហើយប្រសិនបើរុស្ស៊ីមិនព្រម វានឹងក្លាយជាពេលវេលាដ៏ខកចិត្តមួយសម្រាប់ពិភពលោក៕