Cctime 6monthsfree desktop
Cc times  web banner kh (2)

អ្នកជំនាញ បញ្ចប់ការជួសជុលប្រាង្គរបស់«ប្រាសាទសង្កែសឹង្ហ»នៅផ្នែកខាងត្បូងជាស្ថាពរ

សង្គម
/
អ្នកយកព័ត៌មាន:
អូប សំអាត
/

សៀមរាប៖ ប្រាង្គរបស់ប្រាសាទសង្កែសឹង្ហផ្នែកខាងត្បូង បានប្រែក្លាយពីភាពខូចខាតទៅជាភាពរឹងមាំឡើងវិញ បន្ទាប់ពីក្រុមអ្នកជំនាញនៃអាជ្ញាធរជាតិអប្សរា បានជួសជុលរយៈពេលជាច្រើនខែរួចមក។ ប្រាសាទសង្កែសឹង្ហ មានទីតាំងស្ថិតនៅភូមិត្រពាំងខ្ទះ ស្រុកស្វាយលើ ខេត្តសៀមរាប ធ្លាប់រងការខូចខាតខ្លាំងលើរចនាសម្ពន្ធជាច្រើនផ្នែក ដូចជា ខឿនផ្នែកខាងក្រោម ខ្លោងទ្វារខាងមុខ ជញ្ជាំងបានពុកនិងប្រេះហែកចេញពីគ្នាខុសពីសភាពដើម។

ក្រុមអ្នកជំនាញបានចាប់ផ្ដើមជួសជុលតាំងពីដើមឆ្នាំ២០២៥ ហើយបច្ចុប្បន្នការងារដ៏ពិបាកនេះទទួលបានជោគជ័យនិងបញ្ចប់ជាស្ថាពរ។ មន្ត្រីទទួលបន្ទុកការដ្ឋានជួសជុល លោក ពុទ្ធ សុទ្ធ បានឱ្យដឹងថា ក្រុមការងារបានជួសជុលប្រាសាទសង្កែសឹង្ហ ដោយពង្រឹងខឿនផ្នែកខាងក្រោម ខ្លោងទ្វារខាងមុខ ពង្រឹងជញ្ជាំងដែលពុកផុយ ដំបូលរបស់រួតទី១ដល់រួតទី២ ជួសជុលស្នាមប្រេះ និងសម្អាតដកយកកូនរុក្ខជាតិដែលដុះទាំងអស់ចេញពីលើប្រាសាទ។

ប្រាសាទសង្កែសឹង្ហ មានប្រាង្គរហូតដល់ទៅបួន ប្រាង្គបីសាងពីឥដ្ឋតម្រៀបគ្នាបីខាងមុខ មានការឆ្លាក់ក្បាច់ហោជាងយ៉ាងស្អាតគ្រប់ជ្រុងនីមួយៗ សសរពេជ្រ ផ្តែរ ចម្លាក់ក្បាលសសរក៏មានការតុបតែងបានល្អប្រពៃដែរ។ ចំណែកប្រាង្គមួយទៀត នៅខាងក្រោយសាងពីថ្មភក់ ថ្មបាយក្រៀម និងឥដ្ឋ។ ប្រាង្គកណ្តាលបានតភ្ជាប់និងបន្តុបថ្មភក់មួយដែលបានរចនាយ៉ាងល្អឯក។ ប្រាសាទនេះ កសាងនៅពាក់កណ្តាលសតវត្សរ៍ទី១០ និងដើមសតវត្សរ៍ទី១១នៃគ្រិស្ដសករាជ ដើម្បីឧទ្ទិសថ្វាយដល់សាសនាហិណ្ឌូ៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង