
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្កី បានទទួលយកសំណើបទឈប់បាញ់គ្នារយៈពេល៣០ថ្ងៃជាមួយរុស្ស៊ីដែលស្នើឡើងដោយសហរដ្ឋអាម៉េរិក បន្ទាប់ពីកិច្ចចរចាសន្តិភាពរវាងមន្ត្រីសហរដ្ឋអាម៉េរិក និងអ៊ុយក្រែននៅអារ៉ាប៊ីសាអូឌីត។

ជាការឆ្លើយតបសហរដ្ឋអាម៉េរិកបានយល់ព្រមកាលពីថ្ងៃអង្គារដើម្បីបន្តជំនួយផ្នែកយោធា និងការចែករំលែកព័ត៌មានសម្ងាត់ជាមួយអ៊ុយក្រែនឡើយវិញ បន្ទាប់ពីកិច្ចពិភាក្សាដែលអ៊ុយក្រែនបាននិយាយថា ខ្លួននឹងទទួលយកសំណើរបស់សហរដ្ឋអាម៉េរិកសម្រាប់បទឈប់បាញ់រយៈពេល ៣០ ថ្ងៃនៅក្នុងជម្លោះរបស់ខ្លួនជាមួយប្រទេសរុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសអាម៉េរិក លោក Marco Rubio បាននិយាយថា ពេលនេះសហរដ្ឋអាម៉េរិកនឹងទទួលយកការផ្តល់ជូនទៅប្រទេសរុស្ស៊ី ហើយការសម្រេចបន្ទាប់គឺស្ថិតនៅលើទីក្រុងម៉ូស្គូ។

បើតាមរដ្ឋមន្រ្តីក្រសួងការបរទេសអាម៉េរិកដដែល ក្តីសង្ឃឹមរបស់យើងគឺថារុស្ស៊ីនឹងឆ្លើយយល់ព្រមឱ្យបានលឿនតាមដែលអាចធ្វើទៅបាន ដូច្នេះយើងអាចឈានដល់ដំណាក់កាលទីពីរក្នុងការស្វែងរកចចារបញ្ចប់សង្រ្គាមរវាងប្រទេសទាំងពីរ។ លោកបន្តទៀតថាអាម៉េរិកចង់បានកិច្ចព្រមព្រៀងពេញលេញមួយជាមួយទាំងរុស្ស៊ី និងអ៊ុយក្រែន "ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន" ដើម្បីផ្អាកការសម្លាប់មនុស្សរាប់រយនាក់ក្នុងមួយថ្ងៃៗ៕
