
ភ្នំពេញ៖ របាយការណ៍បឋមនៅរាជធានីភ្នំពេញបានឱ្យដឹងថា មាន SME ប្រមាណជាង១០០ បានប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ហើយអាចមានច្រើនជាបន្តបន្ទាប់ទៀត។នេះបើតាមប្រសាសន៍លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូច និងមធ្យម និងសិប្បកម្មថ្លែងប្រាប់ស៊ីស៊ីថាមស៍។
លោក ឈា ឡាយហ៊ី បានគូសបញ្ជាក់ថា ស្ថានភាពបច្ចុប្បន្នគឺទុក្ខជាន់លើទុក្ខ ព្រោះកំពុងតែរងគ្រោះដោយសារជំងឺកូវីដ-១៩ ហើយឥឡូវបែរជាបន្ថែមបញ្ហាគ្រោះទឹកជំនន់មួយទៀត។លោកថា ក្រុមការងារលោកឱ្យចុះស្រង់បញ្ជីអំពីរបាយការណ៍តួលេខនៃសហគ្រាសសិប្បកម្មណាខ្លះ ដែលទទួលរងគ្រោះនូវផលប៉ះពាល់ដោយសារបញ្ហាទាំងអស់នោះ?
ដោយឡែកសម្រាប់នៅរាជធានីភ្នំពេញមាន SME ប្រមាណជាង១០០ ដែលបានប៉ះពាល់ដោយសារគ្រោះទឹកជំនន់ ហើយចំនួននេះអាចមានច្រើនជាបន្តបន្ទាប់ ភាគច្រើនរោងចក្រសិប្បកម្មនៅរាជធានីភ្នំពេញមានចំនួនច្រើន ដូចជា រោងចក្រកាត់ដេររងនូវផលប៉ះពាល់ច្រើន ទាក់ទងនឹងការងារសិប្បកម្ម។
បើតាមលោក ឈា ឡាយហ៊ី មានរោងចក្រកាត់ដេរមួយចំនួនទើបតែដំណើរការអាជីវកម្មឡើងវិញ ហើយមានទីផ្សារឡើងវិញ ស្រាប់តែរងប៉ះពាល់ដោយសារទឹកជំនន់ ធ្វើឱ្យលិចម៉ាស៊ីនដេរដែលមិនអាចប្រតិបត្តិការបាន ហើយនាយកដ្ឋានសហគ្រាសកំពុងចាត់វិធានការណ៍រកដំណោះស្រាយ។ចំពោះចំនួនតួលេខដែលរងគ្រោះ នៅតាមបណ្ដាខេត្តដទៃផ្សេងៗទៀត នឹងមានផលប៉ះពាល់ដូចគ្នានឹងនៅភ្នំពេញដូចគ្នា តែមិនទាន់ទទួលបានរបាយការណ៍ទិន្នន័យទាំងនោះនៅឡើយទេ។
លោកបណ្ឌិត ឆេង គីមឡុង នាយកនៃមជ្ឈមណ្ឌលនវានុវត្តន៍ផ្នែកអភិបាលកិច្ច និង ប្រជាធិបតេយ្យរបស់ វិទ្យា ស្ថានចក្ខុវិស័យអាស៊ី បានថ្លែងថា ដោយសារតែបញ្ហាទឹកជំនន់ដូច្នេះរដ្ឋាភិបាលពិបាកក្នុងការជួយសង្រ្គោះដល់សហគ្រាសធុនតូច និងមធ្យម SME ខណៈថវិកាដែលជួយបញ្ចេញជួយកន្លងមកនៅក្នុងទំហំតូចនៅឡើយ។
តែយ៉ាងណា លោកបណ្ឌិត ឆេង គីមឡុង បានសង្គត់ធ្ងន់ថា បញ្ហាគ្រោះទឹកជំនន់នេះវាមិនធ្ងន់ធ្ងរយូរនោះទេ ហើយពេលដែលទឹកស្រកសហគ្រាសធុនតូច និង មធ្យម SME នឹងប្រឹងប្រែងងើបឡើងវិញ។តែពេលងើបឡើងវិញនេះ រដ្ឋាភិបាលគួរតែជួយសម្រួលដល់ពួកគេតាមលទ្ធភាពជាក់ស្តែង ព្រោះវិស័យSMEក៏ជាសសៃឈាមដ៏សំខាន់មួយសម្រាប់សេដ្ឋកិច្ចជាតិ។
គួរបញ្ជាក់ថា រដ្ឋាភិបាលធ្លាប់បានបង្កើតធនាគារនៃសហគ្រាសធុនតូច និងមធ្យម ឬ (SME Bank) ការបង្កើតឲ្យមានជា SME Bank ត្រូវបានសាទរពីអ្នកតាមដានសេដ្ឋកិច្ចនានា ប្រយោជន៍ គឺដើម្បីជួយជម្រុញដល់វិស័យ SME កម្ពុជា ដែលកំពុងរងនូវការប្រឈមនានា។ ក៏ប៉ុន្តែ លក្ខខណ្ឌមួយចំនួន ដែលសហគ្រាសធុនតូច និងមធ្យមខ្មែរអាចអនុវត្តទៅបាន ក៏អាចជាឧបសគ្គផងដែរ៕