
កូរ៉េ៖ តុលាការក្រុងសេអ៊ូលបានបញ្ជាឱ្យដោះលែងលោកប្រធានាធិបតី យូន សុកយុល ដែលត្រូវបានឃុំខ្លួនតាំងពីពាក់កណ្តាលខែមករាឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទបះបោរ និងប្រកាសច្បាប់អាជ្ញាសឹកកាលពីដើមខែធ្នូឆ្នាំ ២០២៤។ ការសម្រេចចិត្តដោះលែងរូបលោកឲ្យនៅក្រៅឃុំបណ្តោះអាសន្ននេះធ្វើឡើងបន្ទាប់ពីតុលាការបានទទួលយកសំណើរបស់លោក ដែលស្នើសុំលុបចោលដីកាចាប់ខ្លួន តែរូបលោកនឹងត្រូវបានចោទសួរសំណួរម្តងទៀតពីតុលាការនៃប្រទេសកូរ៉េខាងត្បូង។
ជាការឆ្លើយតបទៅនឹងការសម្រេចចិត្តរបស់តុលាការកូរ៉េខាងត្បូងក្នុងការឲ្យលោកយូន សុកយុល នៅក្រៅឃុំមេធាវីការពារក្តីរបស់លោក យូន បានអះអាងថាដីការដែលតុលាការកូរ៉េខាងត្បូងចេញចាប់ខ្លួនលោក យូន គឺមិនត្រឹមត្រូវឡើយ ។

ប្រធានាធិបតីកូរ៉េខាងត្បូង កាលពីថ្ងៃទី ៣ ធ្នូ បានប្រកាសប្រើច្បាប់អាជ្ញាសឹក ដោយលើកហេតុផលថា មានក្រុមប្រឆាំងដែលមាននិន្នាការគាំទ្រកូរ៉េខាងជើង កំពុងរៀបចំសកម្មភាពប្រឆាំងនឹងរដ្ឋកូរ៉េខាងត្បូង។ លោកបានចោទប្រកាន់គណបក្សប្រឆាំងធំរបស់កូរ៉េខាងត្បូង ស្ដីពីការសមគំនិតគ្នាជាមួយកូរ៉េខាងជើង និង សកម្មភាពប្រឆាំងនឹងរដ្ឋកូរ៉េខាងត្បូង។ជាការប្រកាស ដែលបានធ្វើឱ្យស្ទើរតែគ្រប់គ្នាមានការភ្ញាក់ផ្អើលនឹកស្មានមិនដល់។

ចាប់ពីពេលនោះមក លោក យូន សុកយុល រងសម្ពោធពីក្រុមអ្នកតវ៉ាទាំងប្រជាពលរដ្ឋធម្មតា និង គណបក្សប្រឆាំង អំពាវនាវឱ្យរូបលោកចុះចេញពីតំណែង ក្រោយពីរូបលោក បានបរាជ័យក្នុងការអនុវត្តច្បាប់អាជ្ញាសឹក ដែលញ៉ាំងឱ្យមានប្រតិកម្មយ៉ាងខ្លាំងក្លាក្នុងប្រទេស៕