
សេអ៊ូល៖ មានទាហាននិងពលរដ្ឋសរុបប្រមាណ ២៩នាក់បានរងរបួសធ្ងន់និងស្រាលបន្ទាប់ពីទាហានកូរ៉េខាងត្បូងច្រឡំដៃចុចទម្លាក់គ្រាប់បែក Mk82 ទម្ងន់ ២២៥ គីឡូក្រាមប្រមាណ ៨គ្រាប់ក្នុងតំបន់ពលរដ្ឋរស់នៅកំឡុងពេលធ្វើសមយុទ្ធយោធាក្បែរព្រំដែននៃប្រទេសកូរ៉េខាងជើង ដោយសារតែអ្នកបើកយន្តហោះហោះចូលទៅក្នុងគោលដៅមិនត្រឹមត្រូវហើយក៏ទម្លាក់។
យោងតាមអ្នកនាំពាក្យក្រសួងការពារជាតិកូរ៉េខាងត្បូង លោក Jeon Ha-kyu បានឲ្យដឹងថាចំនួនសរុបចុងក្រោយរួមមានករណីប៉ះពាល់ធ្ងន់ធ្ងរដល់ត្រចៀកពលរដ្ឋដែលនៅកន្លែងកើតហេតុដោយសារតែកម្លាំងផ្ទុះលឺខ្លាំង និងបណ្តាលឲ្យហេដ្ឋរចនាសម្ព័ន្ធរួមទាំងផ្ទះសម្បែងរងការខូចខាតយ៉ាងខ្លាំងក្លា។

តាមអ្នកនាំពាក្យដដែលយន្តហោះចម្បាំងកូរ៉េខាងត្បូងពីរគ្រឿងបានទម្លាក់គ្រាប់បែកពីអាកាសទៅដីចំនួនប្រាំបីគ្រាប់ដោយច្រឡំលើទីប្រជុំជនស៊ីវិលមួយកាលពីថ្ងៃព្រហស្បតិ៍។ វីដេអូបានបង្ហាញថា ការផ្ទុះភ្លាមៗបានអង្រួនផ្ទះ និងអគារនិងបំផ្លាញស្ទើតែទាំងស្រុង។

តំបន់ដែលរងផលប៉ះពាល់នៅទីក្រុង Pocheon ដែលមានចម្ងាយប្រហែល ៤០គីឡូម៉ែត្រភាគឦសាននៃទីក្រុងសេអ៊ូល គឺនៅខាងក្រៅតំបន់ហ្វឹកហាត់ដែលនៅជិតព្រំដែនជាមួយប្រទេសកូរ៉េខាងជើង។ អ្នករងរបួស៩នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងនោះមាន២នាក់របួសធ្ងន់៕