Cctime 6monthsfree desktop
Cc times  web banner kh (2)

ប្រមុខការទូតកម្ពុជាឱ្យមន្ត្រីអ្នកការទូត«ពង្រឹងសមត្ថភាព»ត្រៀមតតាំងឥទ្ធិពលដែលកើតចេញពីមហាអំណាច

នយោបាយ
/
អ្នកយកព័ត៌មាន:
គួន សំបូរ
/
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ភ្នំពេញ៖ ប្រមុខការទូតរបស់ប្រទេសកម្ពុជា លោក ប្រាក់ សុខុន នៅថ្ងៃទី ៣ មីនាម្សិលមិញ បានថ្លែងសាររំលឹកដល់មន្ត្រីពាក់ព័ន្ធទាំងអស់ត្រូវរួមគ្នាគិត និងរកដំណោះស្រាយ ដើម្បីការពារផលប្រយោជន៍របស់ប្រទេសកម្ពុជា នៅចំពោះមុខការប្រជែកឥទ្ធិពលរបស់ក្រុមប្រទេសមហាអំណាចដែលនឹងបន្តកើតមាននៅប៉ុន្មានឆ្នាំខាងមុខនេះ។ការថ្លែងនេះ ធ្វើឡើងក្នុងពេលលោកចូលរួមក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅឆ្នាំ២០២៥ របស់ក្រសួងការបរទេស។

ថ្លែងក្នុងពិធីបើកសន្និបាត លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា នៅឆ្នាំ២០២៤នេះ ពិភពលោកបានវិវត្តកាន់តែលឿនទៅក្នុងស្ថានភាពស្មុគស្មាញ ផុតស្រួយ គ្រោះថ្នាក់ និង មិនច្បាស់លាស់ ដោយសារការកើនឡើងនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច ពាណិជ្ជកម្ម និង បច្ចេកវិទ្យាទំនើបរវាងមហាអំណាចធំៗ ជម្លោះប្រដាប់អាវុធ និង ការលំបាកក្នុងការស្វែងរក និង ធានាសន្តិភាពក្នុងតំបន់។

បើតាមលោកប្រមុខការទូតកម្ពុជាចាស់វស្សារូបនេះ បញ្ហាខាងលើបាននាំឱ្យកើតមានឡើងនូវឧក្រឹដ្ឋកម្មឆ្លងដែន អស្ថិរភាពនៃខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ការកើតឡើងតម្លៃម្ហូបអាហារ និង ប្រេងឥន្ទនៈ ហានិភ័យនៃការបម្រែបម្រួលអាកាសធាតុ។ភាពច្របូកច្របល់នៃសណ្តាប់ធ្លាប់អន្តរជាតិដែលកំពុងឃ្លាតចេញពីគន្លងច្បាប់អន្តរជាតិ ហើយនាំដល់ការធ្លាក់ចុះនៃកិច្ចសហប្រតិបត្តិការពហុភាគី ការចុះខ្សោយនៃស្ថាប័នអន្តរជាតិ និង ការបាត់បង់ជំនឿទុកចិត្ត។

លោក ប្រាក់ សុខុន បានសង្កត់ធ្ងន់ថា "ក្នុងប៉ុន្មានឆ្នាំទៅមុខ ការប្រកួតប្រជែងខាងភូមិសាស្ត្រនយោបាយ សេដ្ឋកិច្ច យុទ្ធសាស្ត្រ រវាងមហាអំណាចធំៗ នឹងនាំមកនូវការប្រែប្រួលនៃស្ថានការណ៍តំបន់ និង ពិភពលោក ហើយក៏នឹងដាក់សម្ពោធដោយផ្ទាល់ ឬដោយប្រយោលលើប្រទេសអំណាចកណ្តាល ឬប្រទេសតូចតាក បូករួមទាំងប្រទេសកម្ពុជាផង។ក្នុងន័យនេះ លោកស្នើសុំឱ្យមន្ត្រីពាក់ព័ន្ធទាំងអស់របស់កម្ពុជា ត្រូវខិតខំតាមដាន ពង្រឹងសមត្ថភាព និងចូលរួមកាន់តែខ្លាំងបន្ថែមទៀត ដើម្បីត្រៀមខ្លួនការពារឥទ្ធិពណាមួយដែលនាំឱ្យបាត់បង់ប្រយោជន៍របស់ប្រជាជាតិកម្ពុជា។

ជាការកត់សម្គាល់ ការវិវត្តស្ថានការណ៍ពិភពលោកកាន់តែប្រែប្រួលខ្លាំង នៅពេលបច្ចុប្បន្ននេះ ជាពិសេស ក្រោយពីលោក ដូណាល ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាម៉េរិក លើកទី៤៧ និង បានប្រកាសផ្លាស់ប្តូរគោលនយោបាយអាម៉េរិកយ៉ាងលឿនរហ័ស ជាមួយការប្រកាសតំឡើងពន្ធជាមួយចិន កាណាដា និងប្រកាសផ្អាកជំនួយរបស់អាម៉េរិកមួយចំនួនទៀត៕


ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង