
ពោធិ៍សាត់៖ រដ្ឋបាលក្រុងពោធិ៍សាត់ នៅថ្ងៃទី ៣ ខែមីនានេះ បានចេញសេចក្ដីជូនដំណឹង ស្តីពីការអនុវត្តវិធានការផាកពិន័យ ចំពោះការបោះចោលសំរាម ឬការដុតសំរាម សំណល់ រឹងទីប្រជុំជននៅតាមដងផ្លូវ ទីសាធារណៈ ទីវាលតាមប្រពន្ធ័ទឹកលូ ឬប្រភពទឹកសាធារណៈ ឬក្នុងដីកម្មសិទ្ធិឯកជន ចាប់ពី ២ម៉ឺន ទៅដល់ ៤០ម៉ឺនរៀល ដើម្បីរួមចំណែកថែរក្សាសណ្តាប់ធ្នាប់ សោភ័ណភាព អនាម័យ និងបរិស្ថានក្នុងមូលដ្ឋាន។

យោងតាមរដ្ឋបាលក្រុងពោធិ៍សាត់ បានជូនដំណឹងថា នៅក្នុងមូលដ្ឋានទូទាំងក្រុងពោធិ៍សាត់ ជាពិសេសប្រជាពលរដ្ឋដែលបានធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រក្រុងពោធិ៍សាត់ និងសាធារណៈជនទាំងអស់ឲ្យដឹងថា រដ្ឋបាលក្រុងពោធិ៍សាត់ នឹងអនុវត្តនូវវិធានការផាកពិន័យអន្តរការណ៍ជាប្រាក់ និងទណ្ឌកម្ម ចំពោះបុគ្គល ដែលបោះចោលសំរាម នៅទីសាធារណៈ តាមដងផ្លូវ និងទីប្រជុំជន ដោយការផាកពិន័យជាប្រាក់ ចំពោះអ្នកដំណើរ អ្នកទេសចរណ៍ ត្រូវពិន័យចំនួន ២ម៉ឺនរៀល និងត្រូវប្រមូលសំអាតយកទៅដាក់ធុងសំរាមសាធារណៈ។ ហើយចំពោះអ្នកលក់ដូរតាមដងផ្លូវ ឬលើទីសាធារណៈ ត្រូវពិន័យចំនួន ៥ម៉ឺនរៀល និងត្រូវប្រមូល វេចខ្ចប់យកទៅដាក់ទីតាំងដែលអាជ្ញាធរបានកំណត់។

ដោយឡែកចំពោះ អ្នកលក់ដូរតាមផ្ទះ ភោជនីយដ្ឋាន ទីកំសាន្ត ត្រូវផាកពិន័យចំនួន ១៥ម៉ឺនរៀល និងត្រូវប្រមូលវេចខ្ចប់យកទៅដាក់នៅទីតាំងដែលអាជ្ញាធរបានកំណត់។ ចំពោះ ទីផ្សារ អាជីវកម្ម សេវាកម្ម សិប្បកម្ម ចំនួន ២០ម៉ឺនរៀល និងត្រូវទទួលខុសត្រូវលើការប្រមូល សំអាត និងដឹកចេញយកទៅទីលាន។ ការពិន័យច្រើនបំផុតនោះ គឺ ចំពោះរោងចក្រ សហគ្រាស ក្រុមហ៊ុន ផាកពិន័យចំនួន ៤០ម៉ឺនរៀល និងត្រូវទទួលខុសត្រូវលើការប្រមូល សំអាត និងដឹកចេញយកទៅទីលានចាក់សំរាមផងដែរ។
រដ្ឋបាលក្រុង បានបញ្ជាក់ថា ចំពោះករណីមិនរាងចាល ត្រូវទទួលការពិន័យអន្តរការណ៍ជាប្រាក់ទ្វេដងនៃប្រាក់ពិន័យអន្តរការណ៍លើកមុន។ ដើម្បីចៀសផុតពីការផាកពិន័យផ្សេងៗពីកម្លាំងមានសមត្ថកិច្ច រដ្ឋបាលដល់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងមូលដ្ឋានទូទាំងក្រុងពោធិ៍សាត់ និងបងប្អូនដែលបានធ្វើដំណើរឆ្លងកាត់ភូមិសាស្ត្រ ក្រុង និងសាធារណៈជនទាំងអស់ ត្រូវអនុវត្តតាមសេចក្តីជូនដំណឹង ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ៕
