
ភ្នំពេញ៖ លោក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព ការងារ និងសាកសួរសុខទុក្ខកងទ័ពឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃពីថ្ងៃទី ២៥ កុម្ភៈ ២០២៥ ដល់ថ្ងៃទី ០២ មីនា ២០២៥។
លោក ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោក អមដំណើរដោយថ្នាក់ដឹកនាំបញ្ជាការដ្ឋាន កងទ័ពជើងគោក បានអញ្ជើញត្រួតពិនិត្យវឌ្ឍនភាពការងារ និងសាកសួរ សុខទុក្ខកងទ័ពឈរជើងប្រចាំទិសទី១ និងទិសទី២ តាមខ្សែបន្ទាត់ ព្រំដែន កម្ពុជា-ថៃ ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៥។

លោក ម៉ៅ សុផាន់ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល ការងារសម្រេចបានក្នុងរយៈពេលកន្លងមក ដែលបានខិតខំ បំពេញការងារ ការពារភូមិសាស្ត្រទទួលខុសត្រូវ និងបានដាក់ចេញ ទិសដៅការងារយុទ្ធសាស្ត្រមួយចំនួន សម្រាប់បណ្តាកងឯកភាព ឈរជើងតាមខ្សែបន្ទាត់ព្រំដែន កម្ពុជា-ថៃ ដើម្បីសម្រេចចក្ខុវិស័យ កសាងខ្សែបន្ទាត់ព្រំដែនមួយប្រកបដោយភាពពេញលេញ ច្បាស់លាស់ ស្ថាពរ និងរឹងមាំ។

បន្ថែមពីនេះ លោក ម៉ៅ សុផាន់ និងប្រតិភូក៏បានអញ្ជើញទស្សនា និងសួរសុខទុក្ខដល់កងកម្លាំងដែលកំពុងឈរជើងការពារនៅបង្គោលសីម៉ាលេខ១ និងលើប្រាសាទព្រះវិហារ, ប្រាសាទតាមាន់, ប្រាសាទតាក្របី ព្រមទាំងបានមានប្រសាសន៍ណែនាំឲ្យរក្សាទំនាក់ទំនងល្អជាមួយភាគីថៃ មិនបំពានគ្នា ឯរឿងព្រំដែនគឺទុកអោយគណកម្មការព្រំដែនវាងប្រទេសទាំងពីរជាអ្នកដោះស្រាយ៕