
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច ហ៊ុន ម៉ាណែត នៅថ្ងៃទី ២ មីនានេះ បានបង្ហោះរូបភាពចាស់អមជាមួយខ្លឹមសារ ពាក់ព័ន្ធការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងថៃ នៅព្រំដែនទិសប្រាសាទព្រះវិហារ។ក្នុងសារនោះ សម្តេចនាយករដ្ឋមន្ត្រី រំលឹកដល់សម្រាប់ប្រជាពលរដ្ឋទាំងពីរប្រទេសឱ្យប្រយ័ត្ននៅក្នុងការធ្វើសកម្មភាពអ្វីមួយ ត្រូវគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ ចូលរួមសកម្មភាពណាមួយ ព្រោះវាធ្វើឱ្យប៉ះពាល់ជាតិ។
តាមរយៈបណ្តាញសង្គមផ្លូវការ សម្តេច ហ៊ុន ម៉ាណែត បានបង្ហោះរូបភាពបង្ហាញអំពីការចរចារវាងភាគីកម្ពុជា ជាមួយភាគីកងទ័ពថៃ ក្នុងគោលដៅឈានទៅរកការផ្អាកការឈប់បាញ់គ្នារវាងកងទ័ពកម្ពុជានិងកងទ័ពថៃ ដែលបានផ្ទុះឡើងនៅឆ្នាំ ២០០៨ នៅទិសប្រាសាទព្រះវិហារ និងរាលដាលដល់ទិសប្រាសាទតាមាន់ និង ប្រាសាទតាក្របីនៅឆ្នាំ ២០១១។
បើតាមសម្តេច ការប្រយុទ្ធគ្នាពេលនោះ គឺមិនមែនផ្ដើមដោយកងទ័ព ឬរាជរដ្ឋាភិបាលនៃប្រទេសណាមួយនោះទេ។ ប៉ុន្តែវាចាប់ផ្ដើមឡើងដោយអ្នកនយោបាយជាតិនិយមជ្រុលថៃប៉ុន្មាននាក់ប៉ុណ្ណោះ ដែលបានធ្វើសកម្មភាពក្រោមផ្លាកស្នេហាជាតិ ហើយរំលោភចូលមកកាន់កាប់វត្ត កែវ សិក្ខាគីរីស្វារៈ ដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់កម្ពុជានៅថ្ងៃទី ១៥ កក្កដា ឆ្នាំ២០០៨។សកម្មភាពដែលផ្ដើមឡើងដោយមនុស្សប៉ុន្មាននាក់នេះ បានរាលដាល រហូតដល់មានការប៉ះទង្គិចប្រដាប់អាវុធរវាងកងទ័ពនៃប្រទេសទាំងពីរអស់រយៈពេលជាង៣ឆ្នាំ ចាប់ពីតំបន់ប្រាសាទព្រះវិហាររហូតដល់តំបន់ប្រាសាទតាមាន់ ប្រាសាទតាក្របី ស្លាប់កងទ័ព និងរបួសជាច្រើននាក់ ប៉ះពាល់សេដ្ឋកិច្ច ជាពិសេសប្រជាពលរដ្ឋរស់នៅតំបន់ប្រយុទ្ធផ្ទាល់។
សម្តេច ហ៊ុន ម៉ាណែត បានសង្កត់ធ្ងន់ថា នេះគឺជាការដាស់តឿនសម្រាប់ប្រជាពលរដ្ឋទាំងពីរប្រទេស ឲ្យប្រយ័ត្ននៅក្នុងការធ្វើសកម្មភាពអ្វីមួយ ត្រូវគិតគូរឲ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីជាសវាងនូវសកម្មភាពជ្រុលនិយមទាំងឡាយណា ដែលអាចឈានទៅបង្កើតអំពើហិង្សា។ អ្នកខាតបង់ផ្ទាល់ គឺយោធិននៃប្រទេសទាំងពីរនិងក្រុមគ្រួសារដែលត្រូវបាត់បង់សមាជិកគ្រួសារ ក៏ដូចជាប្រជាពលរដ្ឋដែលរស់នៅក្នុងតំបន់ប្រយុទ្ធគ្នា។ដោយឡែក អ្នកជាតិនិយមជ្រុលដែលបង្កបញ្ហាឲ្យឈានទៅការផ្ទុះអាវុធ ពេលសង្គ្រាមផ្ទុះឡើង គឺពួកគេមិនដែលមានមុខនៅលើសមរភូមិប្រយុទ្ធទេ។ ពួកគេតែងតែរត់ទៅនៅកន្លែងសុវត្ថិភាពរាប់រយគីឡូម៉ែត្រពីតំបន់ប្រយុទ្ធគ្នា។ខ្ញុំសង្ឃឹមថានេះគឺជាមេរៀនមួយដែលប្រជាពលរដ្ឋទាំងខ្មែរ ទាំងថៃត្រូវចងចាំ និងខិតខំធ្វើយ៉ាងណាកុំឲ្យមានកើតឡើងទៀត។