
កូរ៉េ៖ កូរ៉េខាងជើងបានបញ្ជូនទាហានរាប់ពាន់នាក់ជាលើកទីពីរទៅជួយប្រទេសរុស្ស៊ីក្នុងការបន្តច្បាំងជាមួយអ៊ុយក្រែន ដែលការបញ្ជូនទាហានរាប់ពាន់នាក់ក្នុងការវាយលុករុស្ស៊ីចូលអ៊ុយក្រែននៅឆ្នាំទី ៤ នេះបានធ្វើឲ្យស្ថានការណ៍នៃសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែនកាន់តែប្រឈមភាពលំបាកក្នុងការស្វែងរកផ្លូវបញ្ចប់សង្រ្គាម។ នេះបើយោងតាមការបញ្ជាក់របស់ទីភ្នាក់ងារចារកម្មរបស់កូរ៉េខាងត្បូង ដោយការបញ្ជូននេះ កើតឡើងបន្ទាប់ពីទាហានប្រទេសកូរ៉េខាងជើងបានទទួលរងនូវការខូចខាតយ៉ាងធ្ងន់ធ្ងរនៅទាហានជួរមុខក្នុងសង្គ្រាមរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន។

យោងតាមទីភ្នាក់ងារចារកម្មរបស់ប្រទេសកូរ៉េខាងត្បូងបានគូសបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ថា ទោះបីជាមានការស្លាប់ និងរបួសទាហានរាប់ពាន់ក៏ដោយក៏កូរ៉េខាងជើងនៅតែសម្រេចចិត្តបញ្ជូនទាហានបន្ថែមទៀតទៅកាន់ប្រទេសរុស្ស៊ី និងជាក្រុមទាហានចូលសមរភូមិជួរមុខថែមទៀតផង។

តាមទីភ្នាក់ងារចារកម្មកូរ៉េខាងត្បូងដដែលបច្ចុប្បន្ន កូរ៉េខាងជើងបានបញ្ជូនទាហានបន្ថែមដល់ទៅ ៣.០០០ នាក់ចាប់តាំងពីខែមករាតាមកប៉ាល់ និងយន្តហោះដឹកទំនិញយោធាទៅកាន់តំបន់ប្រយុទ្ធនៃប្រទេសរុស្ស៊ី។
ក្រុមអ្នកវិភាគយោធាបាននិយាយថា សង្រ្គាមរុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែន គឺជាជម្លោះប្រដាប់អាវុធនៅបរទេសដ៏ធំដំបូងគេក្នុងប៉ុន្មានទសវត្សរ៍ ដែលកូរ៉េខាងជើងបានបញ្ជូនទាហានរបស់ខ្លួន ដើម្បីឲ្យយោធារបស់ខ្លួនទទួលបានមេរៀនសង្រ្គាមពិតប្រាកដទោះបីជាមានអ្នកស្លាប់ និងរបួសច្រើនក៏ដោយ។

គួរបញ្ជាក់ថាកូរ៉េខាងជើងបានបញ្ជូនទាហានប្រមាណ ១១,០០០ នាក់ទៅកាន់ប្រទេសរុស្ស៊ីកាលពីចុងឆ្នាំមុន ហើយបានផ្គត់ផ្គង់ការដឹកជញ្ជូនដ៏ធំនៃគ្រាប់កាំភ្លើងធំ មីស៊ីល និងអាវុធជាច្រើប្រភេទទៀតក្នុងការជួយរុស្ស៊ី។ កងទ័ពកូរ៉េខាងជើងទាំងនោះត្រូវបានបញ្ជូនទៅកាន់តំបន់ Kursk ជាកន្លែងដែលរុស្ស៊ី-អ៊ុយក្រែនប្រយុទ្ធគ្នា។