
ភ្នំពេញ៖ ប.ស.ស. នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញនូវសេចក្តីជូនដំណឹងនាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥ ពីការទប់ស្កាត់ករណីឆបោកសមាជិក ប.ស.ស. តាមរយៈការបង់ភាគទានរបបសន្តិសុខសង្គម មក ប.ស.ស ដើម្បីការពារការឆបោកពីជនឆ្លៀតឳកាសតាមរយៈការក្លែងបន្លំនេះ។
នាពេលថ្មីៗនេះ មានករណីឆបោកសមាជិក ប.ស.ស. តាមប្រព័ន្ធអនឡាញ ដោយការបន្លំខ្លួនជាមន្ត្រី ប.ស.ស. ប្រើប្រាស់រូបថត និងនិមិត្តសញ្ញា ប.ស.ស. ឬក្លែងបន្លំលិខិតជូនដំណឹងបង់ភាគទាន ដោយប្តូរលេខគណនីធនាគារដែរបានចុះកិច្ចព្រមព្រៀងជាមួយ ប.ស.ស. ទៅ ជាលេខគណនីធនាគារ ឬ QR Code ផ្ទេរប្រាក់គណនីផ្ទាល់ខ្លួន ដែលបានទាក់ទងទៅកាន់សមាជិកដោយផ្ទាល់ តាមតេឡេក្រាម ឬបប្រព័ន្ធផ្សព្វផ្សាយផ្សេងៗទៀត ដើម្បីណែនាំឱ្យរដ្ឋបាលសហគ្រាស គ្រឹះស្ថាន និងសមាជិក ប.ស.ស. ធ្វើការបង់ ភាគទានតាមលេខគណនី ឬ QR Code ក្លែងបន្លំនោះ។
ដើម្បីជៀងវាងនូវការឆបោកបន្តទៅទៀត ប.ស.ស. បានបញ្ជាក់ថា ប.ស.ស. មិនមានគោលការណ៍ឲ្យបង់ភាគទានទៅគណនី ដែលមានឈ្មោះផ្ទាល់ខ្លួនឡើយ ហើយការបង់ភាគទានត្រូវអនុវត្តតាមរយៈមុខងារបង់ប្រាក់លើកម្មវិធីទូរសព្ទដៃរបស់ធនាគារដៃគូចំនួន៤ រួមមាន៖ ធនាគារ CANADIA, ACLEDA, ABA និង FTB ប៉ុណ្ណោះ៕
