Smart saver cctime web bannertif

លោកស្រីបណ្ឌិត ជា សិរី៖ អតិផរណាខ្ពស់ក្នុងខែមករាគឺដោយសារការឡើងថ្លៃនៃម្ហូបអាហារ នាឱកាសចូលឆ្នាំចិន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា (រូបភាព៖ ធនាគារជាតិ នៃកម្ពុជា)

ភ្នំពេញ៖ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា បានពន្យល់ពីចម្ងល់មួយចំនួនរបស់មហាជនលើករណីអំពីកំណើនអតិផរណា ៦% ក្នុងខែមករា ឆ្នាំ២០២៥ថា នេះជាតួលេខសន្ទស្សន៍ថ្លៃទំនិញ ខែមករាឆ្នាំ ២០២៥ ធៀបនឹងខែមករាឆ្នាំ២០២៤ មិនមែន ធៀបខែធ្នូ ឆ្នាំ២០២៤ទេ។ ប៉ុន្តែចំពោះអត្រាអតិផរណខែមករា ឆ្នាំ២០២៥ ធៀបនឹងខែធ្នូ ឆ្នាំ២០២៤ មានកម្រិតត្រឹម ០,៣%ប៉ុណ្ណោះ។ អតិផរណាខ្ពស់គឺដោយសារមានការឡើងថ្លៃនៃម្ហូបអាហារ មិនចំពោះទំនិញគ្រប់មុខនោះទេ ព្រោះនាចុងខែមករាឆ្នាំ២០២៥ គឺចំពេលចូលឆ្នាំប្រពៃណីចិន និងវៀតណាម។ នេះជាការបញ្ជាក់របស់លោកស្រីបណ្ឌិត ជា សិរី នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន។

លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា តួលេខនេះឃើញខ្ពស់ ដោយសារកាលពីខែមករាឆ្នាំ២០២៤ សន្ទស្សន៍ថ្លៃទំនិញ មានកម្រិត អវិជ្ជមាន -០.៥% ដូច្នេះមូលដ្ឋាននៃការគណនាទាប ទើបឃើញតួលេខនេះខ្ពស់។ អតិផរណាខ្ពស់គឺដោយសារមានការឡើងថ្លៃនៃម្ហូបអាហារ នាចុងខែមករាឆ្នាំ២០២៥ គឺចំពេលចូលឆ្នាំប្រពៃណីចិន និងវៀតណាម ស្របពេលដែលមានកំណើនភ្ញៀវទេសចរជាតិនិងអន្តរជាតិ ដែលធ្វើឱ្យថ្លៃម្ហូបអាហារមួយចំនួន ឡើងថ្លៃ (បន្លែកើន ១៥,៦% ផ្លែឈើកើន ១១,៩% ថ្លៃត្រីរ៉ស់ធម្មជាតិកើន ៦,៧% និងថ្លៃសាច់ជ្រូកកើន ៤,៩%) ដែលធ្វើឲ្យសន្ទស្សន៍ថ្លៃម្ហូបអាហារទូទៅកើនឡើង ៧,៨%។

លោកស្រីបណ្ឌិតបន្ថែមថា បើគណនាអតិផរណា ដកថ្លៃម្ហូបអាហារ និងភេសជ្ជៈមិនស្រវឹងចេញ នោះអតិផរណា នៅសល់តែ ៣,៧% ប៉ុណ្ណោះ។

លោកស្រីបណ្ឌិតពន្យល់ថា ពាក្យ«សន្ទស្សន៍» គឺបានន័យថា ជាការច្របាច់ថ្លៃទំនិញមួយចំនួនចូលគ្នាដោយឲ្យទម្ងន់ទៅលើថ្លៃទំនិញណាដែលមានសារៈសំខាន់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃច្រើនជាងមុខទំនិញដទៃ។ ដូច្នេះ មិនអាចនិយាយថាការឡើងថ្លៃ ៦% ចំពោះគ្រប់ទំនិញនោះទេ។

ការគណនាអត្រាអតិផរណា គឺត្រូវប្រើប្រាស់វិធីសាស្ត្រដែលមានលក្ខណៈស្តង់ដារទទួលស្គាល់ជាអន្តរជាតិ។ ការប្រមូលថ្លៃទំនិញគឺត្រូវធ្វើឡើងដោយវិទ្យាស្ថានជាតិស្ថិតិជាប្រចាំ លើចំនួនមុខទំនិញជាក់លាក់ចំនួន ២៥៩ មុខ ពីទីតាំងលក់មួយចំនួនជាក់លាក់ ដែលគេហៅថាកន្ត្រកទំនិញ។ ក្រោយពីទទួលបានសន្ទស្សន៍ថ្លៃ ធនាគារជាតិនៃកម្ពុជាគណនាអត្រាអតិផរណា ប្រចាំខែ និងប្រចាំឆ្នាំ។ ក្នុងចំណោមមុខទំនិញទាំងអស់នោះ មានមុខទំនិញខ្លះដែលសំខាន់សម្រាប់ជីវភាពរស់នៅរបស់ប្រជាជន ត្រូវបានឱ្យទម្ងន់ច្រើនជាងមុខទំនិញមួយចំនួនទៀត។ ឧទាហរណ៍ ទម្ងន់នៃថ្លៃម្ហូបអាហារ មានសមាមាត្រ ៤៤,៨% នៃកន្ត្រកមុខទំនិញសម្រាប់ការគណនារកសន្ទស្សន៍ថ្លៃទំនិញ។

អាត្រាអតិផរណាគឺជាសូចនាករមួយដែលអ្នករៀបចំគោលនយោបាយអាចយល់អំពីស្ថានភាពថ្លៃទំនិញ និងរៀបចំគោលនយោបាយសមស្របដើម្បីរក្សាអំណាចទិញរបស់ប្រជាជន។ ការរក្សាស្ថិរភាពថ្លៃជាមុខងារភារកិច្ចចម្បងមួយរបស់ធនាគារជាតិនៃកម្ពុជា តាមរយៈការប្រើឧបករណ៍គោលនយោបាយរូបិយវត្ថុ ប៉ុន្តែរដ្ឋាភិបាលក៏មានភារកិច្ចសំខាន់ផងដែរ តាមរយៈការប្រើឧបករណ៍គោលនយោបាយសារពើពន្ធ និង ជំរុញផលិតភាពសម្រាប់ប្រើប្រាស់ក្នុងស្រុក។ នេះបើតាមការបញ្ជាក់លោកស្រីបណ្ឌិត ជា សិរី៕


ផ្ទាំងពាណិជ្ជកម្ម
Khmer (1)
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង