
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ Ronald P. Clark មេបញ្ជាការកងទ័ពជើងគោកអាម៉េរិកប្រចាំតំបន់ប៉ាស៊ីហ្វិក បានចូលជួបសម្តែងការគួរសម ជាមួយសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងថ្នាក់ដឹកនាំយោធាជាន់ខ្ពស់ ក្នុងពេលមកបំពេញទស្សនកិច្ច នៅភ្នំពេញ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។ ជំនួបរវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ធ្វើឡើងក្នុងគោលបំណងស្វែងរកការពង្រឹងទំនាក់ទំនង ដើម្បីលើកកម្ពស់សន្តិភាព និងសន្តិសុខនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។
ក្នុងកិច្ចពិភាក្សានេះ មន្ត្រីជាន់ខ្ពស់ទាំងអស់ បានស្វែងរកវិធីផ្សេងៗ ក្នុងការពង្រឹងទំនាក់ទំនងការពារទ្វេភាគីរវាងសហរដ្ឋអាមេរិក និងកម្ពុជា ដើម្បីលើកកម្ពស់សន្តិភាព និងសន្តិសុខនៅតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ កិច្ចពិភាក្សា ក៏បានលើកឡើងពីការផ្លាស់ប្តូរការបណ្តុះបណ្តាលយោធាដែលផ្តោតលើការសង្គ្រោះគ្រោះមហន្តរាយ ការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ និងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យកម្ពុជាគ្មានគ្រាប់មីន។

ជាមួយគ្នានោះ មន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ បានបង្ហាញការគាំទ្ររបស់ពួកគេចំពោះការបន្តការសន្ទនា ទាក់ទងនឹងបញ្ហាដែលលើកឡើងទាំងនេះ។
ក្រៅពីជំនួបជាមួយលោកនាយករដ្ឋមន្ត្រី លោក Clark ក៏បានជួបជាមួយនាយឧត្តមសេនីយ៍ ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ និងនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។
គួរបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់ លោក រ៉ូណាល់ ខ្លាក នៅពេលនេះ គឺស្របពេលខួប លើកទី៧៥ ទំនាក់ទំនងការទូតប្រទេសទាំងពីរ កម្ពុជា- សហរដ្ឋអាម៉េរិក ហើយក៏ជាលើកទី២ដែលមេបញ្ជាការ កងទ័ពជើងគោកសហរដ្ឋអាម៉េរិក ប្រចាំប៉ាស៊ីហ្វិក៕
