
ភ្នំពេញ៖ លោក យីន លី (Yin Li) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង ជាលេខាធិការគណកម្មការបក្សប្រចាំរដ្ឋធានីក្រុងប៉េកាំង បានដឹកនាំគណៈប្រតិភូបក្សកុម្មុយនីស្តចិនមកបំពេញទស្សនកិច្ចនៅ កម្ពុជា។ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនីស្តចិនរូបនេះ បានប្រកាសគាំទ្រការកាន់អំណាចយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា និង រាជរដ្ឋាភិបាលបន្តវេន។
ក្នុងជំនួបជាមួយសម្តេច ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅវិមាន ៧ មករា លោក យីន លី (Yin Li) បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ លោក ស៊ី ជីនពីង អគ្គលេខាធិការគណបក្សកុម្មុយនីស្តចិន ជូនសម្តេច ហ៊ុន សែន ដោយបានចាត់ទុក សម្តេចគឺជាមិត្តចាស់របស់ថ្នាក់ដឹកនាំចិន និង ជាអ្នកនយោបាយជើងចាស់មួយរូបដែលទទួលបានការគោរពជាខ្លាំងនៅក្នុងប្រទេសចិន ព្រមទាំងបានរួមចំណែកយ៉ាងធំធេងដល់ការពង្រឹង និងពង្រីកចំណងមិត្តភាពកម្ពុជា-ចិន។
បើតាមលោក យីន លី (Yin Li) ទោះស្ថិតក្នុងស្ថានភាពពិភពលោកមានការប្រែប្រួលស្មុគ្រស្មាញយ៉ាងណាក៏ដោយ ចិន នៅតែការគាំទ្រការកាន់អំណាចយូរអង្វែងរបស់គណបក្សប្រជាជនកម្ពុជា និង គំាទ្ររាជរដ្ឋាភិបាលបន្តវេន ហើយ ចិន គាំទ្រកម្ពុជាជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាមបរិបទ និង លក្ខណៈដោយឡែករបស់កម្ពុជា និង ប្រឆាំងដាច់ខាតចំពោះការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់កម្ពុជា។
ជាការឆ្លើយតប សម្តេច ហ៊ុន សែន ក្នុងនាមជាអ្នកនយោបាយជើងចាស់របស់កម្ពុជា សម្រាប់កម្ពុជា ចិនគឺជាមិត្តដ៏ធំបំផុត ជាដៃគូ និង ជាអ្នកគាំទ្រដ៏គួរទុកចិត្ត បំផុត។ កម្ពុជាប្រកាន់ខ្ជាប់នូវ «គោលនយោបាយចិនមួយ»។សម្តេច ហ៊ុន សែន បានអរគុណចិន ដែលគាំទ្រកម្ពុជាជ្រើសរើសមាគ៌ាអភិវឌ្ឍន៍ស្របតាមបរិបទ និង លក្ខណៈដោយឡែករបស់កម្ពុជា រួមទំាងផ្តល់ជំនួយអភិវឌ្ឍន៍ជាច្រើនដល់កម្ពុជាកន្លងមក ជំនួយរបស់មិត្តចិនមិនត្រឹមតែចូលរួមដល់ការអភិវឌ្ឍជាតិប៉ុណ្ណោះទេ ក៏ប៉ុន្តែថែមទាំងជួយពង្រឹងឯករាជ្យភាពរបស់កម្ពុជាផងដែរ។
គួរបញ្ជាក់ថា លោក យីន លី (Yin Li) សមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និង ជាលេខាធិការគណកម្មការបក្សប្រចាំរដ្ឋធានីក្រុងប៉េកាំង កំពុងបំពេញទស្សនកិច្ចនៅកម្ពុជា ក្នុងគោលបំណង អនុវត្តកុងសង់ស៊ីសនៃថ្នាក់ដឹកនាំប្រទេសទាំងពីរ ពង្រឹងការទុកចិត្តគ្នាទៅវិញទៅមក ធ្វើឱ្យកាន់តែស៊ីជម្រៅនៃកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅថ្នាក់ក្រោមជាតិ និងជំរុញការកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី។ក្នុងដំណើរទស្សនកិច្ចនោះ លោកបានជួបជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជាជាច្រើន បូករួមទាំងសម្តេច ហ៊ុន ម៉ាណែតផងដែរ៕