
ភ្នំពេញ៖ គណបក្សនយោបាយធំៗទាំង៣នៃប្រទេសកម្ពុជា វៀតណាម និង ឡាវ កាលពីថ្ងៃទី ២១ កុម្ភៈ បានបើកកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួន ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំធំៗរបស់បក្ស។កិច្ចប្រជុំកំពូលប្រចាំឆ្នាំរៀបចំឡើងចំនួន២ដាច់ដោយឡែកពីគ្នា ដោយបានវាយតម្លៃពីភាពរីកចម្រើននៃទំនាក់ទំនងរបស់ប្រទេសទាំង៣ ដោយឈលើភាពជាអ្នកជិតខាងល្អ ហើយបានប្តេជ្ញាបន្តដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់។
កិច្ចប្រជុំកំពូលឆ្នាំនេះ រៀបចំឡើងនៅទីក្រុងហូជីមីញ ប្រទេសវៀតណាម ដោយចាប់ផ្តើមកិច្ចប្រជុំទី១ រវាង គណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និងកិច្ចប្រជុំទី២ កិច្ចប្រជុំកំពូលប្រចាំឆ្នាំរវាង គណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម និង គណបក្សប្រជាជនបដិវត្តន៍ឡាវ នាថ្ងៃទី២១ និង ២២ ខែកុម្ភៈ ឆ្នាំ២០២៥។
គណបក្សប្រជាជនកម្ពុជា ដឹកនាំដោយសម្តេច ហ៊ុន សែន ជាប្រមុខគណបក្ស ប្រជុំជាមួយលោក តូ ឡឹម អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដោយបានប្រជុំវាយតម្លៃពីភាពរីកចម្រើននៃមិត្តភាពកម្ពុជា និងវៀតណាម មិត្តភាពជាប្រពៃណី ទំនាក់ទំនងជាប្រវត្តិសាស្ត្រ និង កិច្ចសហប្រតិបត្តិការគ្រប់វិស័យ មានជាអាទិ៍ នយោបាយ សន្តិសុខ ការពារជាតិ ការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ អប់រំ ទេសចរណ៍ ក្រោយពាក្យស្លោក«ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និង ស្ថិរភាពយូរអង្វែង»។
យោងតាមសេចក្តីប្រកាសព័ត៌មាន គណបក្សប្រជាជនកម្ពុជា និងគណបក្សកុម្មុយនីស្តវៀតណាម បានវាយតម្លៃខ្លួសចំពោះលទ្ធផលដែលបានអនុវត្តកុងសង់ស៊ីសរវាងថ្នាក់ដឹកនាំទាំង២នាពេលកន្លងមក ដើម្បីលើកកម្ពស់ចំណងមិត្តភាព ភាពជាអ្នកជិតខាងល្អ និងបានដោះស្រាយបញ្ហាដែលបានកើតឡើងឈលើភាពទុកចិត្តគ្នា។
ចំណែកកិច្ចប្រជុំកំពូលទី២ ដែលមាន រវាង គណបក្សប្រជាជនកម្ពុជា គណបក្សកុម្មុយនីស្តវៀតណាម គណបក្សប្រជាជនបដិវត្តន៍ឡាវ សមភាគីទាំង៣បក្ស បានពិភាក្សាគ្នាអំពីទំនាក់ទំនងភាពជាអ្នកជិតខាង ក្នុងស្មារតីគោរពគ្នាទៅវិញទៅមក ដើម្បីឯករាជ្យ អធិបតេយ្យ សន្តិភាព និង ការអភិវឌ្ឍដោយចីរភាព សម្រាប់បម្រើដល់ផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទាំងបី។
ក្នុងកិច្ចប្រជុំកំពូលនោះ មេដឹកនាំគណបក្សទាំងបី បានឯកភាពគ្នាបន្តដោះស្រាយបញ្ហាព្រំដែនដែលនៅសេសសល់ ប្តេជ្ញារួមគ្នាជំរុញ និង ពង្រឹងសហគមន៍អាស៊ាន ដើម្បីការពារសាមគ្គីភាព និង មជ្ឈភាពរបស់អាស៊ាន ជាពិសេស ក្នុងក្នុងបរិបទនៃសភាពការណ៍អន្តរជាតិ និងភូមិសាស្ត្រនយោបាយពិបាកប៉ាន់ស្មាន ស្មុគស្មាញ និង ផុយស្រួយ៕