Cctime 6monthsfree desktop
Cc times  web banner kh

អ្នកជំនាញពន្លឿនសាងសង់«អាកាសយានដ្ឋានអន្តរជាតិតេជោ»ដើម្បីឱ្យទាន់ការបើកដំណើរការខែកក្កដានេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អាកាសយានដ្ឋានអន្តរជាតិតេជោ 

កណ្តាល៖ គិតត្រឹមថ្ងៃទី ២១ កុម្ភៈនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ ដំណាក់កាលទី១ សម្រេចការសាងសង់បានប្រមាណជាង ៩៤%ហើយ ដោយគ្រោងដាក់ឲ្យដំណើរការជាផ្លូវការ នៅអំឡុងខែកក្កដាខាងមុខនេះ។ការងារដែលនៅសេសសល់ គឺជាការងារបច្ចេកទេសទាមទារចំណាយពេលត្រួតពិនិត្យឱ្យបានល្អ។នេះបើតាមការអះអាងរបស់លោកឧកញ៉ា ឆារស៍ វ៉ាន់ នាយកគ្រប់គ្រង នៃក្រុមហ៊ុន ខេមបូឌា អ៊ែរផត អ៊ិនវេសមិន ឯ.ក (CAIC)។

លោកឧកញ៉ា ឆារស៍ វ៉ាន់ ការពីថ្ងៃទី ២១ កុម្ភៈម្សិលមិញបានដឹកនាំស្ថានទូតចំនួន២ប្រចាំនៅកម្ពុជា រួមមាន អូស្រ្តាលី និងហ្វីលីពីន ដើម្បីពិនិត្យវឌ្ឍនភាពនៃដំណើរការសាងសង់ព្រលាយន្តហោះអន្តរជាតិតេជោ។សម្រាប់ទូតអូស្រ្តាលី គឺក្នុងគោលបំណងជំរុញការហោះហើរ និង ទាក់ទាញភ្ញៀវទេសចរ ហើយហ្វីលីពីន គឺសិក្សាស្វែងយល់បន្ថែមពីការងារត្រៀមបើកសាលាបង្រៀនជួសជុលយន្តហោះនៅកម្ពុជា ក្នុងសាកលវិទ្យាល័យខេមតិច។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់ដំណើរទស្សនកិច្ច លោកឧកញ៉ា ឆារស៍ វ៉ាន់ បានគូសបញ្ជាក់ថា ការងារសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ ដំណាក់កាលទី១ សម្រេចការសាងសង់បានប្រមាណជាង ៩៤% ហើយការងារសេសសល់ គឺជាការងារបច្ចេកទេសច្រើន ប៉ុន្តែយ៉ាងណាក្រុមការងារសាងសង់នឹងខិតខំប្រឹងប្រែងឱ្យទាន់ពេលវេលា ដោយគ្រោងដាក់ឲ្យដំណើរការជាផ្លូវការ ដំណាក់កាលទី១នៅអំឡុងខែកក្កដាខាងមុខនេះ។

បើតាមលោកឧកញ៉ា ឆារស៍ វ៉ាន់ អាកាសយានដ្ឋានអន្តរជាតិតេជោ គឺជាព្រលានដ៏ធំដំបូងរបស់កម្ពុជា ដោយបានសាងសង់ឡើងបង្កប់ដោយរចនាបថបែបខ្មែរ ហើយក្នុងព្រលានទាំងមូលមានរៀបចំដាំដើមឈើប្រណិតរបស់ខ្មែរអមជាមួយសាងសង់ផ្ទះខ្មែរបុរាណ ដើម្បីបង្ហាញភ្ញៀវទេសចរពេលឆ្លងកាត់មកប្រទេសកម្ពុជា។ក្រៅពីនេះ អាកាសយានដ្ឋានអន្តរជាតិតេជោ មានរៀបចំតំបន់សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគជាច្រើន ជាផ្នែកសំខាន់សម្រាប់ជួយសេដ្ឋកិច្ច។

សូមជម្រាបថា អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល គិតមកដល់ពេលនេះ ដំណាក់កាលទី១ សម្រេចការសាងសង់បានប្រមាណ ៩៤%ហើយ ដោយគ្រោងដាក់ឲ្យដំណើរការជាផ្លូវការ នៅអំឡុងខែកក្កដាខាងមុខនេះ។

អាកាសយានដ្ឋានថ្មីនេះ សាងសង់ឡើងលើផ្ទៃដីជាង ២.៦០០ហិចតា ជាព្រលានយន្តហោះលំដាប់ F4 ដែលអាចឱ្យយន្តហោះធន់ធំចុះចតបានដូចជា ប្រភេទ Airbus A380 និងប្រភេទ Boeing 747 និងអាចទទួលអ្នកដំណើរបានរហូតដល់ ១៣លាននាក់ ក្នុង១ឆ្នាំ ក្នុងដំណាក់កាលទី១នេះ៕

ផ្ទាំងពាណិជ្ជកម្ម
Story cow   jan 2025 kh
Photo 2023 06 28 13.36.05
Khcct banner

អត្ថបទទាក់ទង