
ចិន៖ ពលរដ្ឋចិនចំនួន ២០០នាក់ ដែលសង្ស័យថាជាប់ពាក់ព័ន្ធក្នុងការបោកប្រាស់តាមប្រព័ន្ធអនឡាញ ត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសចិនវិញ ក្រោមការដឹកនាំរបស់ប៉ូលីសចិន កាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីតំបន់ Myawaddy ក្នុងប្រទេសមីយ៉ាន់ម៉ា។

ពលរដ្ឋចិនចំនួន ២០០នាក់ គឺជាក្រុមទីមួយនៃជនសង្ស័យបោកប្រាស់តាមអនឡាញ ដែលត្រូវបានធ្វើមាតុភូមិនិវត្តន៍ពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសចិន។ជនសង្ស័យត្រូវបានបញ្ជូនជាលើកដំបូងទៅកាន់តំបន់ Mae Sot របស់ប្រទេសថៃ នៅជិតព្រំដែនជាមួយប្រទេសមីយ៉ាន់ម៉ាកាលពីថ្ងៃព្រហស្បតិ៍ មុនពេលត្រូវបានបញ្ជូនត្រឡប់ទៅប្រទេសចិនវិញតាមជើងហោះហើរចំនួនបួន។

យន្តហោះដំបូងដែលដឹកជនសង្ស័យចំនួន ៥០ នាក់បានមកដល់អាកាសយានដ្ឋានអន្តរជាតិ Nanjing Lukou ក្នុងខេត្ត Jiangsu ភាគខាងកើតប្រទេសចិនកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ ក្រសួងសន្តិសុខសាធារណៈរបស់ប្រទេសចិនបាននិយាយថា ជនសង្ស័យបោកប្រាស់ជនជាតិចិនជាង ៨០០ នាក់ផ្សេងទៀត ត្រូវបានគេរំពឹងថានឹងត្រូវបានធ្វើមាតុភូមិនិវត្តន៍ក្នុងរយៈពេលខាងមុខនេះ។

ប្រទេសចិនបានចាត់ទុកការធ្វើមាតុភូមិនិវត្តន៍ជនសង្ស័យទាំងនេះ គឺជាសមិទ្ធិផលដ៏សំខាន់នៃកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងប្រទេសចិន មីយ៉ាន់ម៉ា និងប្រទេសថៃ ប្រឆាំងនឹងការបោកប្រាស់តាមអនឡាញ៕