
ថៃ៖ នាយករដ្ឋមន្រ្តីថៃលោកស្រី Paetongtarn បានជំរុញឲ្យធនាគារក្នុងស្រុកកាត់បន្ថយការប្រាក់នឹងជួយសម្រាលបន្ទុកហិរញ្ញវត្ថុរបស់សាធារណៈជនជាការឆ្លើយទៅនឹងវិបត្តិសេដ្ឋកិច្ចដែលពិភពលោកកំពុងតែជួបនាពេលបច្ចុប្បន្ន។ នេះបើយោងតាមការបញ្ជាក់របស់លោកស្រីថ្លែងនៅក្នុងវេទិកាភាពជាអ្នកដឹកនាំ Matichon 2025 Trust Thailand កាលពីថ្ងៃពុធ។

បើតាមលោកស្រី Paetongtarn សេដ្ឋកិច្ចថៃបានចាប់ផ្តើមបង្ហាញសញ្ញានៃការងើបឡើងវិញនៅចុងឆ្នាំមុន ជាមួយនឹងកំណើនឈានដល់ ២.៥% ពោលគឺខ្ពស់ជាងគោលដៅ ២% ដែលបានកំណត់ក្នុងឆ្នាំ ២០២៣ ការស្ទុះងើបឡើងវិញនេះដោយសារលទ្ធផលនៃការចំណាយរបស់រដ្ឋាភិបាលក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ទាប់ពីការពង្រីកគោលនយោបាយគ្មានទិដ្ឋាការជំរុញទេសចរណ៍បរទេសឲ្យមកលេងប្រទេសថៃដោយពុំបាច់ធ្វើ VISA (ទិដ្ឋាការ)។

លោកស្រី Paetongtarn រំពឹងថាសេដ្ឋកិច្ចនឹងកើនឡើង ៣% នៅឆ្នាំនេះ ដែលជំរុញដោយការវិនិយោគក្នុងវិស័យឯកជនកាន់តែខ្ពស់ និងការបើកដំណើរការគម្រោងវិនិយោគរដ្ឋមួយចំនួន។ លោកស្រី បានទទួលស្គាល់ថា តួលេខកំណើនសេដ្ឋកិច្ចរបស់ប្រទេសមានកម្រិតទាបបើធៀបនឹងប្រទេសដទៃទៀតនៅក្នុងតំបន់ ដោយសារតែការវិនិយោគទាបក្នុងវិស័យឧស្សាហកម្ម ក៏ដូចជាបញ្ហាសាច់ប្រាក់កម្ចី ដែលបណ្តាលមកពីអត្រាការប្រាក់ខ្ពស់។

សម្រាប់លោកស្រី Paetongtarn ធនាគារពាណិជ្ជត្រូវតែធានាថាមានការផ្គត់ផ្គង់មូលនិធិគ្រប់គ្រាន់ ហើយដើម្បីជួយសម្រួលដល់ពលរដ្ឋធនាគារ គួរតែពិចារណាកាត់បន្ថយអត្រាការប្រាក់ ដែលនឹងជួយគ្រួសារជាច្រើនដែលកំពុងជួបបញ្ហាជាមួយនឹងការចំណាយប្រចាំថ្ងៃផងដែរ និងឆ្លើយតបជាមួយនឹងសេដ្ឋកិច្ចពិភពលោកបច្ចុប្បន្ន។ លោកស្រីបន្តទៀតថា ការកាត់បន្ថយអត្រាការប្រាក់នឹងមិនមានផលប៉ះពាល់អវិជ្ជមានដល់សេដ្ឋកិច្ចនោះទេ ដោយសារតែអត្រាអតិផរណារបស់ប្រទេសថៃមានកម្រិតទាប៕